លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សហគមន៍អឺរ៉ុប មិនគួរបន្តប្រព្រឹត្តកំហុសជាលើកទី៣ ចំពោះកម្ពុជាទៀតទេ
លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់លោក Enda សមាជិកសភា នៃសាធារណរដ្ឋអៀកឡង់ថា សហគមន៍អឺរ៉ុប មិនគួរបន្តប្រព្រឹត្តកំហុសជាលើកទី៣ទេចំពោះកម្ពុជា ដែលកំហុសទី១ គឺគាំទ្រការផ្តួលរំលំ អតីតព្រះមហាក្សត្រ ព្រះបរមរដ្ឋតនកោដ្ឋ ព្រះនរោត្តម សី ហនុ ដែលជាអតីតរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជា កំហុសទី២ គឺការគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិជាង ១២ឆ្នាំ នៅពេលដែលខ្មែរក្រហមបានកាប់សម្លាប់ប្រជាជនខ្មែរអស់រាប់លាននាក់ និងកំហុសទី៣ គឺការប្រើប្រាស់ EBA មកគម្រាមកំហែង និងដាក់ ទណ្ឌកម្មមកលើកម្ពុជា គម្រាមដក EBA ពីកម្ពុជា និងយកប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ១៦លាននាក់ជាចំណាប់ខ្មាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដូចនេះនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នេះ ក្នុងឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Enda Patrick Kenny សមាជិកសភា នៃសាធារណរដ្ឋអៀកឡង់ នៅវិមានសន្តិភាព។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏សូមបញ្ជូនសារនេះទៅតាម លោក Enda ដើម្បីជម្រាបនិងពន្យល់ដល់សហភាពអឺរ៉ុបឱ្យបានយល់អំពីសភាពការពិតនៃកម្ពុជា ដែលមានចំណុចខ្លះអាចនិយាយគ្នាបាន ចំណុចខ្លះអាចសម្រួលគ្នាបាន និងចំណុចខ្លះមិនធ្វើអាច។
លោក Enda បានគោរពជម្រាបជូនអំពីដំណើរទស្សន កិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺឆ្លើយតបទៅនឹងការអញ្ជើញរបស់លោក Dr.Haruhisa Handa ដែលបានអញ្ជើញរូបលោកមកចូលរួមក្នុងគម្រោងពាក់ព័ន្ធក្នុងវិស័យអប់រំ និងវិស័យដទៃទៀតនៅកម្ពុជា។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Enda ដែលបានអញ្ជើញមកកម្ពុជាបានឃើញពីសភាពការណ៍ពិតនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់ Dr. Haruhisa Handa ដែលបានជួយដល់កម្ពុជាលើវិស័យអប់រំនេះ ជាពិសេសផ្តល់អាហារូបករណ៍យ៉ាងច្រើនឱ្យនិស្សិតកម្ពុជាបានសិក្សានៅសាកលវិទ្យាល័យកម្ពុជា និងគម្រោងដទៃទៀតដែលលោកមាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរចំពោះសារធារណរដ្ឋអៀកឡង់ដែលបានជួយដល់កម្ពុជាយើង ជាពិសេស បានផ្តល់ជំនួយក្នុងការកាត់ ទោសអតីតមេដឹកនាំខ្មែរក្រហម។ ជាមួយគ្នានេះដែរ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍ អឺរ៉ុប លោកនាយករដ្ឋមន្ត្រី បានជម្រាបជូនសង្ខេបដល់លោក Enda ដែលមកទល់ពេលនេះ គឺការរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អឺរុបបានឡើយ។
លោក Enda បានកោតសរសើរនិងពេញចិត្តចំពោះស្ថិរភាពនយោបាយ និងការរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្នដែលមានសេដ្ឋកិច្ចរីកលូតលាស់ក្នុងរង្វង់ ៧.៧% នៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសជាតិ លោក Enda បានគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្រិតសាកលវិទ្យាល័យដល់យុវជនវ័យក្មេងឱ្យបានច្រើនប្រកបដោយគុណភាពដែលពួកគេជាអនាគតពិតប្រាកដរបស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់លោក Enda និងជូនពរលោកទទួលបានជោគជ័យនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ហើយសង្ឃឹមថានៅថ្ងៃណាមួយ ក្នុងពេលដែលលោកអញ្ជើញទៅលេងចៅដែលកំពុងសិក្សានៅប្រទេសអង់គ្លេស លោកនឹងឆ្លៀតឱកាសទៅលេងប្រទេសអៀកឡង់ជាមិនខាន៕