ពិធីបំពាក់កន្សែងកាយរឹទ្ធិ និងជួបសំណេះសំណាលជាមួយមាតាបិតាសិស្សនៃសាលាមួយក្នុងខេត្តកំពង់ចាម
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបំពាក់កន្សែងកាយរឹទ្ធិ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ព្រមទាំងបានលើកទឹកចិត្តក្មួយៗ ជាសមាជិកនៃកាយរឹទ្ធិជាតិកម្ពុជា ឱ្យខិតខំអប់រំខ្លួន ប្រព្រឹត្តអំពើល្អ ធ្វើជាពលរដ្ឋល្អ ដែលចូលរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពកាយរឹទ្ធិជាតិកម្ពុជាកាន់តែប្រសើរឡើងថែមទៀត។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសាលាបឋមសិក្សាគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ឆ្លៀតឱកាសនោះ ឯកឧត្ដមបណ្ឌិតក៏បានជួបសំណេះសំណាលជាមួយមាតាបិតាសិស្សផងដែរ៕