ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាល ប្រកាសហាមឃាត់ការនាំចូល, ផ្សព្វផ្សាយ និងលក់សេរ៉ូម Glutaone 600 ព្រោះមិនបានចុះបញ្ជីកានិងត្រួតពិនិត្យត្រឹមត្រូវពីក្រសួង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 108

ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់សាធារណជន ប្រុងប្រយ័ត្នមិនត្រូវប្រើប្រាស់, នាំចូល, ចែកចាយ, ផ្សព្វផ្សាយ និងលក់សេរ៉ូមឈ្មោះ Glutaone 600 ព្រោះផលិតផលនេះ មិនបានចុះបញ្ជី និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងឡើយ ហើយអាចបណ្ដាលឱ្យប៉ះពាល់សុខភាព និងមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។
ការប្រកាសបែបនេះធ្វើឡើង នៅពេលដែលក្រសួងបានត្រួតពិនិត្យឃើញមានគណនី Facebook ចំនួន៤មានឈ្មោះថា Phea Sreng, Nana Chang, Oeng Chhiv Yi និង ជេ-ជី សប កំពុងផ្សព្វផ្សាយលក់សេរ៉ូ Glutaone 600 (ជាប្រភេទឱសថ) យ៉ាងគគ្រឹកគគ្រេងលើបណ្ដាញសង្គម Facebook ដោយផ្សព្វផ្សាយភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិត គ្មានមូលដ្ឋានវិទ្យាសាស្រ្ដត្រឹមត្រូវដូចជា៖ ធ្វើឱ្យស្បែកស បែបស៊ីជម្ពូរ, ជួយឱ្យស្បែកភ្លឺថ្លាម៉ត់រលោង, ផ្ដល់សំណើមដល់ស្បែក, បំបាត់មុន, បំបាត់ស្នាមអុជខ្មៅ, អាចម៌រុយ, ជាំ, ជំនួយក្រចក និងសក់ស្អាតពីចុងសក់ ដល់ចុងជើងជាដើម។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា សេរ៉ូ Glutaone 600 ជាផលិតក្នុងប្រទេសថៃ គ្មានអាសយដ្ឋានច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជីកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយ ពីក្រសួងសុខាភិបាលនោះឡើយ។ ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព (បណ្ដាលឱ្យមហារីកស្បែក) ឬឈានដល់ការបាត់បង់អាយុជីវិតជាដើមនោះ ក្រសួងសុខាភិបាល ស្នើឱ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់សេរ៉ូម Glutaone 600 ជាបន្ទាន់។ ដោយឡែកសម្រាប់ម្ចាស់គណនីទាំង៤ខាងលើ ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ តាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន៕

ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលទាំងស្រុង៖

អត្ថបទទាក់ទង