ខ្មែរប៉ុស្ដិ៍ Close

ការស៊ើបអង្កេតចេញហើយ! ការពិតជាអំពើឃាតកម្មសម្លាប់ផ្ដាច់ពូជ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
ការស៊ើបអង្កេតចេញហើយ! ការពិតជាអំពើឃាតកម្មសម្លាប់ផ្ដាច់ពូជ! ការស៊ើបអង្កេតចេញហើយ! ការពិតជាអំពើឃាតកម្មសម្លាប់ផ្ដាច់ពូជ!

ខេត្តក្រចេះ៖ ជារឿងដ៏គួរឱ្យរន្ធត់បំផុត ខណៈដែលក្រុមគ្រួសារមួយមានសមាជិក៤នាក់ (ឪពុកម្តាយ រួមនឹងកូនតូច២នាក់) ត្រូវបានក្រុមឃាតករចិត្តកំណាចឃោរឃៅ ធ្វើស្វកម្មភាពវាយសម្លាប់ រួចដុតផ្ទះសម្លាប់ផ្តាច់ពូជ បណ្តាលឱ្យជនរងគ្រោះទាំង៤នាក់ ត្រូវភ្លើងឆេះខ្លោចដូចធ្យូង កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចកោះប្រឹម ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ប៉ុន្តែដោយសារតែលំនៅដ្ឋានរបស់ជនរងគ្រោះស្ថិតនៅឆ្ងាយដាច់ស្រយាលពីគេឯង ទើបគ្មានអ្នកបានដឹង និងរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ទម្រាំដល់យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចបានទទួលដំណឹង និងបើកប្រតិបត្តិការស៊ើបអង្កេតស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឃាតករដៃឆៅចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីដុតផ្ទះសម្លាប់ផ្តាច់ពូជនេះ រួមមាន ទី១-ឈ្មោះចឹក ណូ ភេទ ប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ទី២-ឈ្មោះម៉ៅ ញ៉ាញ់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនហនុមាន មានរឹទ្ធ រស់នៅរាជធានីភ្នំពេញ ទី៣-ឈ្មោះចឹក ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី និង៤-ឈ្មោះចឹក លឹមស្រេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី។

ដោយឡែក ជនរងគ្រោះទាំង៤នាក់ ឪពុកម្តាយ និងកូនតូច២នាក់ ដែលត្រូវឃាតករដុតផ្ទះសម្លាប់ផ្តាច់ពូជ រួមមាន ទី១-ឈ្មោះឆុំ ឈន ភេទប្រុស អាយុ៣០ឆ្នាំ (ត្រូវជាប្តី) ទី២-ឈ្មោះជួន សុខនាង ភេទស្រី អាយុ៣៣ឆ្នាំ (ត្រូវជាប្រពន្ឋ) ទី៣-ឈ្មោះឈាន គឹមឈី ភេទប្រុស អាយុ១១ឆ្នាំ (ត្រូវជាកូន) និង៤-ឈ្មោះឈន វណ្ណី ភេទស្រី អាយុ៩ឆ្នាំ (ត្រូវជាកូន)។ ក្រុមគ្រួសារជនរងគ្រោះមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ និងស្ថិតនៅដាច់ស្រយាលពីអ្នកភូមិ ដោយផ្លូវចូលទៅផ្ទះជនរងគ្រោះ កាត់ព្រៃផង ជិះទូកឆ្លងអូរផង ទើបចូលទៅដល់។

នៅនឹងកន្លែងកើតហេតុ ក្រៅពីប្រទះឃើញសពរបស់គ្រួសាររងគ្រោះចំនួន៤នាក់ ដែលត្រូវឆេះស្ទើរមើលមិនដឹងថាជាមនុស្ស (រួញ ក្រញង់ជាប់គ្នា នៅសល់តែពាក់កណ្តាលនៃរាងកាយ និងលលាដ៏ក្បាលប៉ុណ្ណោះ) សមត្ថកិច្ចក៏បានរកឃើញសំបកគ្រាប់កាំភ្លើង ចំនួន២គ្រាប់ផងដែរ៕

អត្ថបទ៖ នគរធំ