ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីការបរទេសរ៉ូវ៉ាន់ដា សុំកម្ពុជាគាំទ្របេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយ ភាសាបារាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 20
រដ្ឋមន្រ្តីការបរទេសរ៉ូវ៉ាន់ដា សុំកម្ពុជាគាំទ្របេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយ ភាសាបារាំង រដ្ឋមន្រ្តីការបរទេសរ៉ូវ៉ាន់ដា សុំកម្ពុជាគាំទ្របេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយ ភាសាបារាំង

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ លោកស្រី ល្វីស មុស៊ីគីវ៉ាបូ (Louise Mushikiwabo) រដ្ឋមន្រ្តីការបរទេស កិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្វ្រិកបូព៌ា នៃសាធារណរដ្ឋរ៉ូវ៉ាន់ដា មានប្រសាសន៍ថា ប្រសិនបើលោកស្រីជាប់ជាអគ្គលេខាធិការថ្មី នៃអង្គការក្រុមប្រទេសនិយាយភាសាបារាំង នឹងជំរុញកិច្ចសហប្រតិបតិ្តការឱ្យបានកាន់តែស៊ីជម្រៅ បន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសកិច្ចការពាក់ព័ន្ធនឹងការអភិវឌ្ឍយុវជនកម្ពុជា និងការធ្វើឱ្យមានតុល្យភាពនៃកិច្ចការនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់។

ជំនួបពិភាក្សាការងារនេះ គឺធ្វើឡើងក្នុងជំនួបព្រមគ្នាជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្គីណេ នៅទីស្តីការក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ដែលផ្តោតលើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងក្របខ័ណ្ឌអង្គការក្រុមប្រទេសនិយាយភាសាបារាំង។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដកស្រង់ខ្លឹមសារនៃជំនួបត្រីភាគីនេះ ប្រាប់ក្រុមអ្នកសារព័ត៌មានថា បើសិនជាលោកស្រី រដ្ឋមន្រ្តីការបរទេសរ៉ូវ៉ាន់ដា ជាប់ឆ្នោត ជាអគ្គលេខាធិការនៃអង្គការក្រុមប្រទេសនិយាយភាសាបារាំង លោកស្រីនឹងខិតខំជំរុញឱ្យមានតុល្យភាព នៃការអនុវត្តនយោបាយរបស់ប្រទេសជាសមាជិកដូចជា សិទ្ធិមនុស្ស សេរីភាព ដែលជាអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។

លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលស្គាល់លក្ខណៈសម្បត្តិរបស់លោកស្រី រដ្ឋមន្រ្តីការបរទេសរ៉ូវ៉ាន់ដា សម្រាប់តួនាទីជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំងនាពេលខាងមុខនេះ ដោយលោកសង្ឃឹមថា លោកស្រី នឹងទទួលបានការគាំទ្រពីសហភាពអាហ្វ្រិកផងដែរ សម្រាប់បេក្ខជនក្នុងតំណែងថ្មីនេះ។ លោក កេត សោផាន់ មានប្រសាសន៍ថា សំណើរនេះត្រូវបានដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការសម្រេចរួចរាល់ហើយ។

សូមបញ្ជាក់ថា លោកស្រី ល្វីស មុស៊ីគីវ៉ាបូ និងលោក ម៉ាម៉ាឌី ទូរ៉េ កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសនិយាយភាសាបារាំងនៅឥណ្ឌូចិន ដូចជា កម្ពុជា ឡាវ និងវៀតណាម ដើម្បីស្វែងរកការគាំទ្រសម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង ដែលការបោះឆ្នោតជ្រើសតាំងអគ្គលេខាធិការអង្គការក្រុមប្រទេសនិយាយភាសាបារាំង នឹងត្រូវធ្វើឡើងនៅប្រទេសអាម៉េនី នៅថ្ងៃទី១១ ទី១២ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ៕

អត្ថបទទាក់ទង