ខ្មែរប៉ុស្ដិ៍ Close

ជាង ១០០០ រោងចក្រ នៅថ្ងៃនេះ ត្រូវបានបិទទ្វារ និងឈប់សម្រាក ដើម្បីឲ្យកម្មករទៅបោះឆ្នោត

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 70
ជាង ១០០០ រោងចក្រ នៅថ្ងៃនេះ ត្រូវបានបិទទ្វារ និងឈប់សម្រាក ដើម្បីឲ្យកម្មករទៅបោះឆ្នោត ជាង ១០០០ រោងចក្រ នៅថ្ងៃនេះ ត្រូវបានបិទទ្វារ និងឈប់សម្រាក ដើម្បីឲ្យកម្មករទៅបោះឆ្នោត

ដើម្បីអនុញ្ញាតឱ្យកម្មករនិយោជិតទៅចូលរួមការបោះឆ្នោតនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដែលជាកាតព្វកិច្ច និងសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូប លោក ហេង សួរ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមម៉ោង១រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ រោងចក្រវាយណភណ្ឌ កាត់ដេរ និងផលិតស្បែកជើងចំនួន ១១៥១រោងចក្រ​ទូទាំង​ប្រទេស​បានបិទទ្វារ និង​ឈប់​សម្រាក។

លោក ហេង សួរ បានបញ្ជាក់ថា ចំពោះសហគ្រាស គ្រឹះស្ថានផ្នែកផ្សេងៗទៀតក្រៅពីផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង គឺភាគច្រើនបានអនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាក​ទៅបោះឆ្នោត​នៅ​តាមភូមិ ឃុំ/សង្កាត់ ដែលបងប្អូនកម្មករបានចុះឈ្មោះបោះឆ្នោត។

មន្ត្រីអធិការកិច្ចរបស់ក្រសួង និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងពិនិត្យ តាមដាន និងសម្របសម្រួលដល់កម្មករនិយោជិតផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្ម ដែលមាន​ឈ្មោះ​បោះឆ្នោត​តាមបណ្តាខេត្ត បានឈប់សម្រាកទៅចូលរួមបោះឆ្នោតដែរ។ រីឯអ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញ គឺនិយោជកត្រូវប្តូរម៉ោងគ្នាឈប់ ដើម្បីឱ្យ​បងប្អូន​កម្មករ​និយោជិត​បាន​ទៅ​ចូលរួមបោះឆ្នោត។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលបានមកបម្រើការងារនៅរាជធានីភ្នំពេញបាននាំគ្នាសម្រុកចេញទៅស្រុកកំណើតរៀងៗខ្លួន ដោយពួកគាត់អះអាងថា ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ ៕

អត្ថបទទាក់ទង