សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឲ្យក្រសួងមហាផ្ទៃពិនិត្យផ្លូវច្បាប់ បិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងមហាផ្ទៃពិនិត្យទិដ្ឋភាពច្បាប់ ដើម្បីឈានទៅបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស។ បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្ស ក៏ព្រោះមជ្ឈមណ្ឌលមួយនេះបង្កើតឡើងដោយលោក កឹម សុខា ក្រោមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក។
តាមរយៈវីដេអូថ្លែងទៅកាន់ប្រជាពលរដ្ឋនៅអូស្ត្រាលីកាលពីឆ្នាំ២០១៣ និងបង្ហោះតាមបណ្តាញព័ត៌មានខ្មែរនៅអូស្ត្រាលី CBN លោក កឹម សុខា ដែលជាស្ថាបនិកមជ្ឈមណ្ឌលសិទ្ធិមនុស្សនោះ បានសារភាពដោយផ្ទាល់មាត់ រូបលោកត្រូវបានសហរដ្ឋអាមេរិកណែនាំឲ្យបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីឈានទៅសម្រេចគោលដៅក្នុងការផ្លាស់ប្តូររាជរដ្ឋាភិបាលកម្ពុជា។
ដោយយោងតាមសម្តីផ្ទាល់មាត់របស់លោក កឹម សុខា នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការបង្កើតមជ្ឈមណ្ឌល គឺជារឿងខុសច្បាប់ ដែលក្រសួងមហាផ្ទៃត្រូវពិនិត្យលទ្ធភាពបិទដំណើរការ។
ក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនីជិត ៥ពាន់នាក់នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់យ៉ាងដូច្នេះ «មជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញត្រូវបិទចោល ព្រោះអាហ្នឹងធ្វើតាមបរទេសណា! អាហ្នឹងគួរមើល ក្រសួងមហាផ្ទៃគួរមើល ព្រោះអាហ្នឹងបរទេសជាអ្នកឲ្យបង្កើតមិនមែនខ្មែរទេ។ មើលអាមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញហ្នឹងមួយទៀត»។
សម្តេចតេជោបានបន្ថែមថា «បើថាអង្គការក្រៅប្រទេស គេមកបង្កើតដោយសុំច្បាប់យើងអាហ្នឹងមិនអីទេ តែនេះជនជាតិខ្មែរយើងម្នាក់ ត្រូវបរទេសឲ្យបង្កើត ឲ្យធ្វើនេះ ឲ្យធ្វើនោះ»។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានលោក កឹម សុខា បង្កើតនៅក្នុងខែវិច្ឆិកា ឆ្នាំ២០០២។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ ដឹកនាំដោយលោកស្រី ចក់ សុភាព៕