ប្រជាពលរដ្ឋខេត្តកំពង់ធំ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង១២ម៉ឺនបណ្ណ
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២,៨៨៣ប័ណ្ណ ជូនប្រជាពលរដ្ឋនៅឃុំកំពង់គោ និងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមអធិបតី លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះដែរ លោក នួន ផារ័ត្ន បានលើកឡើងអំពីវឌ្ឍនភាពស្ថានភាពនយោបាយក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តោតលើការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ការពារប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាព្រំដែនតាមយន្តការសន្តិវិធី និងច្បាប់អន្តរជាតិ ព្រមទាំងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ជាមួយគ្នានេះ លោក នួន ផារ័ត្ន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សានិងការពារធនធានធម្មជាតិ ជាពិសេសសូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់ទន្ទ្រាន ឈូសឆាយ រុករាន និងកាន់កាប់ដីព្រៃដោយខុសច្បាប់ ក៏ដូចជាដីក្នុងតំបន់បី ដែលជាតំបន់មានការកំណត់ និងការពារដោយច្បាប់។
លោក សៅ សុភាព ថ្លែងថាការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅពេលនេះ ដើម្បីធានាសុវត្ថិភាព និងភាពច្បាស់លាស់នៃសិទ្ធិកាន់កាប់ និងសិទ្ធិលើអចលនវត្ថុរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់នូវឯកសារផ្លូវការសម្រាប់បញ្ជាក់កម្មសិទ្ធិ និងកាត់បន្ថយវិវាទពាក់ព័ន្ធនឹងដីធ្លី។
លោកបន្តថា តាមរយៈការងារនេះនឹងរួមចំណែកដល់ការធានាសន្តិសុខ និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយវិវាទពាក់ព័ន្ធនឹងដីធ្លី លើកកម្ពស់ការគ្រប់គ្រង និងប្រើប្រាស់ធនធានដីធ្លីឱ្យមានប្រសិទ្ធភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។
លោក សៅ សុភាព បានបញ្ជាក់ថា ចំពោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលនៅសេសសល់ ក្រុមការងារនឹងបន្តចែកជូនប្រជាពលរដ្ឋនៅតាមបណ្តាឃុំផ្សេងក្នុងស្រុកគោលដៅ ដើម្បីធានាឱ្យប្រជាពលរដ្ឋដែលមានសិទ្ធិស្របច្បាប់ ទទួលបានវិញ្ញាបនបត្ររបស់ខ្លួនបានគ្រប់ៗគ្នា និងរក្សាទុកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុឱ្យបានត្រឹមត្រូវ និងប្រើប្រាស់តាមគោលបំណងដែលច្បាប់បានកំណត់៕



