រដ្ឋមន្រ្តីក្រសួងវប្បធម៌ចុះពិនិត្យមើលស្ថានភាពទូទៅនៃស្ពានទ័ពដែលរងការខូចខាតដោយសារយន្តហោះ F-16ទម្លាក់គ្រាប់បែក
រដ្ឋមន្រ្តីក្រសួងវប្បធម៌ចុះពិនិត្យមើលស្ថានភាពទូទៅនៃស្ពានទ័ពដែលរងការខូចខាតដោយសារយន្តហោះ F-16ទម្លាក់គ្រាប់បែក
យោងតាមការបង្ហោះផ្សាយរបស់ក្រសួងវប្បធម៌បានឲ្យដឹងថា នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈពិនិត្យមើលស្ថានភាពទូទៅនៃស្ពានទ័ពដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ស្ពានទ័ព ឬស្ពានអូរជីក ជាស្ពានបុរាណមួយដែលបានសង់ឆ្លងកាត់ស្ទឹងស្រែងនៅលើផ្លូវបុរាណមួយខ្សែចេញពីរាជធានីអង្គរទៅក្រុងវិមាយបុរៈ (ប្រាសាទភិមាយបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសថៃ)។ ស្ពាននេះអាចចាត់ទុកថាជាស្ពានដ៏សំខាន់មួយដែលបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ហើយជាស្ពានវែងជាងគេក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយមានប្រវែងប្រហែល១៥០ម. កម្ពស់១០ម. និងទទឹង១៦.៤០ម. និងមានប្រហោងទ្វារស្ពាន(រន្ធតាដេវ)ចំនួន២៨ប្រឡោះ។
ជាអកុសល នាកំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីប្រទេសថៃនៅតាមបណ្តោយព្រំដែនខ្មែរថៃនាពេលកន្លងមក កងទ័ពថៃបានប្រើប្រាស់យន្តហោះ F16 ទម្លាក់គ្រាប់បែកប្រភេទ M-K82 មកលើស្ពានទ័ពចំនួន២ទីតាំងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅត្រង់ផ្នែកក្បាលស្ពានខាងជើង និងខាងត្បូង ដែលគ្រាប់បែកនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃចំនួន៦៨កន្លែង។
សូមរម្លឹកផងដែរថា កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជួសជុលស្ពាននេះចំនួន៨ដំណាក់កាលពោលគឺចាប់ពីឆ្នាំ២០១៥មកម្លេះ ប៉ុន្តែត្រូវបានអាក់ខានទៅវិញនៅពេលមានសង្គ្រាមបំផ្លាញស្ថានភាពស្ពាននេះកាលពីចុងឆ្នាំ២០២៥កន្លងមក។ បច្ចុប្បន្នក្រសួងកំពុងពិនិត្យលទ្ធភាពបន្តការជួសជុលឡើងវិញ ព្រោះស្ថានភាពស្ពានទ្រុឌទ្រោមជាងមុននៅតាមទីតាំងសំខាន់ៗមួយចំនួនដោយសារកត្តាលំហូរទឹកបុកកាត់និងគ្រាប់បែក M-K82។
នាឱកាសនោះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញចូលពិនិត្យ និងទស្សនា ប្រាសាទព្រហ្មកិល(អតីតមន្ទីរពេទ្យ) ដែលអាជ្ញាធរស្រុកបានកំពុងរៀបចំអភិវឌ្ឍន៍អោយក្លាយជាតំបន់ទេសចរណ៍មួយមានប្រជាប្រិយភាពនៅក្នុងខេត្ត។




