ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ទិត សុធា អញ្ជើញជាអធិបតីពិធីបញ្ចូលសមាជិកថ្មីជាង៥០០នាក់ នៅក្នុងឃុំកំពង់ស្វាយ

ដោយ៖សូ សែនឬទ្ធា | 6 ម៉ោងមុន ព័ត៌មានទូទៅ 54
ឯកឧត្តម ទិត សុធា អញ្ជើញជាអធិបតីពិធីបញ្ចូលសមាជិកថ្មីជាង៥០០នាក់ នៅក្នុងឃុំកំពង់ស្វាយ ឯកឧត្តម ទិត សុធា អញ្ជើញជាអធិបតីពិធីបញ្ចូលសមាជិកថ្មីជាង៥០០នាក់ នៅក្នុងឃុំកំពង់ស្វាយ


នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ កំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្លូវការបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងឃុំកំពង់ស្វាយចំនួន៥៥៩រូប ។

កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ស្វាយ ដោយមានការចូលរួមពីប្រធាន អនុប្រធានគណៈពង្រឹងស្រុក អនុប្រធានគណបក្សចុះមូលដ្ឋានឃុំ និងគណៈកម្មាធិការគណបក្សឃុំ និងបានសំណេះសំណាលជាមួយសមាជិក សមាជិកាថ្មីដែលទើបនឹងបានចូលរួមក្នុងជីវភាពនយោបាយ ដែលជាកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជាប្រកបដោយអត្ថន័យ។

បន្ទាប់ពីបានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ប្រធានគណបក្ស សម្តេចធិបតី អនុប្រធានគណបក្ស ,ឯកឧត្តម វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយរួចមក ឯកឧត្តម ទិត សុធា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិកថ្មីដែលបានចូលរួមក្នុងជីវភាពនាពេលនេះ ហើយមានការជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំ និងសមិទ្ធផលជាច្រើនលើគ្រប់វិស័យនៃប្រទេសជាតិ ក្រោមមាគ៌ាដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការគាំទ្រនូវគោលការណ៍និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនក្នុងគ្រប់សកម្មភាព នៃកសាង និងអភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តម ទិត សុធា បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនៅឈរខាងប្រជាជន ផ្សាភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ធានាបាននូវឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

និយាយជារួម ប្រជាជនបានឃើញច្បាស់យ៉ាងប្រត្យក្សអំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ជាគណបក្សមានថាមពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអានាគតដ៏រុងរឿង ។ បន្ថែមពីលើនេះ គណបក្សប្រជាជនកម្ពុជាគ្រប់កំរិត គឺមាននូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ ប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ថ្លៃថ្លារបស់គណបក្ស ហើយបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាជននៅក្នុងមូលដ្ឋានគ្រប់កាលៈទេសៈ៕

អត្ថបទទាក់ទង