ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលបាន និងកំពុងដោះស្រាយបញ្ហាដោយផ្តោតលើផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន

ដោយ៖សូ សែនឬទ្ធា | 3 ម៉ោងមុន ព័ត៌មានទូទៅ 30
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលបាន និងកំពុងដោះស្រាយបញ្ហាដោយផ្តោតលើផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលបាន និងកំពុងដោះស្រាយបញ្ហាដោយផ្តោតលើផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន

ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាសហគ្រាសធុនមីក្រូ តូច និងមធ្យម» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងពេលដែលពិភពលោកកំពុងស្ថិតក្នុងការប្រែប្រួលមិនប្រាកដប្រជា កម្ពុជាក៏ជួបនឹងបញ្ហាសតវត្សក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះ នោះគឺបញ្ហាសង្គ្រាមឈ្លានពាន សង្គ្រាមការពារកេរ្តិ៍ឈ្មោះ និងបញ្ហាប្រែប្រួលសេដ្ឋកិច្ចពិភពលោក។ បច្ចុប្បន្នកម្ពុជាខិតខំដោះស្រាយនឹងបញ្ហាសង្គ្រាមធំៗចំនួន ៣ ក្នុងនោះទី១ គឺសង្គ្រាម ដើម្បីការពារកេរ្តិ៍ឈ្មោះកម្ពុជា ពាក់ព័ន្ធនឹង Online Scams ដែលប្រទេសជាច្រើនបានពាក់ព័ន្ធ ប៉ុន្តែកម្ពុជាទទួលរងគ្រោះជាងគេ, ទី២ គឺសង្គ្រាមឈ្លានពានបូរណភាពទឹកដីពីប្រទេសថៃ និង ទី៣ គឺសង្គ្រាមសេដ្ឋកិច្ចពិភពលោក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរម្លឹកថា ស្ថានភាពព្រំដែនកន្លងមកថ្មីៗនេះ ធ្វើឱ្យយើងដឹងថា បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ ហេតុនេះដើម្បីយើងខ្លាំង យើងកាន់តែរឹងមាំ យើងត្រូវ រួមគ្នាផលិតរាល់ផលិតផលទាំងអស់ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់កិច្ចការងារទាមទារទឹកដីស្របច្បាប់នោះឡើយ គឺបាននឹងកំពុងខិតខំធ្វើកិច្ចការងារនេះដោយសន្តិវិធី តាមរយៈយន្តការអន្តរជាតិ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ ដែលវានឹងបង្កើតបរិស្ថានប៉ះពាល់ដល់សេដ្ឋកិច្ច និងប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង