ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជានិងចិនគឺជាមិត្តដែកថែបដែលមិនចេះប្រែប្រួល និងស្នើដល់ចិនឱ្យបន្តគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបន្តទៀត

ដោយ៖សូ សែនឬទ្ធា | ម្សិលមិញ ម៉ោង 23:10 pm ព័ត៌មានទូទៅ 100
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជានិងចិនគឺជាមិត្តដែកថែបដែលមិនចេះប្រែប្រួល និងស្នើដល់ចិនឱ្យបន្តគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបន្តទៀត សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា កម្ពុជានិងចិនគឺជាមិត្តដែកថែបដែលមិនចេះប្រែប្រួល និងស្នើដល់ចិនឱ្យបន្តគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបន្តទៀត

នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តចិននិងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តម ស៊ី ជីនពីង បានសម្ដែងនូវការពេញចិត្តនិងរីករាយដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងចិនគឺមានភាពរឹងមាំដូចជាផ្ទាំងសិលាដូច្នេះដែរ។ ឯកឧត្តមប្រជាធិបតីក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ ដែលបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចរបស់ឯកឧត្តមប្រធានាធិបតីចំពោះសម្ដេចនិងគណៈប្រតិភូ។ សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតីជុំវិញទំនាក់ទំនងកម្ពុជានិងចិន។ សម្ដេចបានលើកឡើងថា កម្ពុជានិងចិនគឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួលនិងអាកាសធាតុមានការប្រែប្រួលបែបណាក្តី តែមិត្តភាពរវាង កម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ។ សម្ដេចតេជោបានលើកឡើងនៅចំពោះមុខ ឯកឧត្តម ស៊ី ជីនពីង ទៀតថា មិត្តភាពកម្ពុជា-ចិន ដែលកម្ពុជាចាត់ទុកចិនគឺជាមិត្តចាស់ ជាមិត្តពិតនិងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរក៏បានជជែកគ្នាបន្ថែមទៀតទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នា
ទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្ដេចតេជោបានស្នើដល់ចិនឱ្យបន្តគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ សម្ដេចបានលើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌពង្រឹងសន្តិសុខ រវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នានិងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានជជែកគ្នាទៅលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្សនៃប្រទេសទាំងពីរដែលក្នុងដំណើរទស្សនកិចរបស់សម្ដេចតេជោនាពេលនេះ ក៏មានការចុះហត្ថលេខាលើអនុសរណៈយោគយល់គ្នារវាងគណបក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនីស្តចិនផងដែរ ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងនៃកិច្ចសន្ទនានយោបាយនៅក្នុងក្របខណ្ឌគណបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់គណបក្សនៃប្រទេសទាំង២
ឲ្យកាន់តែមានភាពសកម្មបន្ថែមទៀត។

បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានជជែកគ្នាទៅលើបញ្ហាអន្តរជាតិមួយចំនួនដែលបានកើតឡើងនាពេលបច្ចុប្បន្ននេះ ដែលស្ថានភាពនៃការប្រែប្រួលយ៉ាងឆាប់រហ័សនេះ តម្រូវឱ្យកម្ពុជានិងចិន ពួតដៃគ្នាបន្ថែមទៀតក្នុងការសហការគ្នានិងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងឆាកអន្តរជាតិ៕

អត្ថបទទាក់ទង