អភិបាលខេត្តឧត្តរមានជ័យ៖ កម្ពុជាជ្រើសរើសច្បាប់ និងការទូត ជាជាងអាវុធ ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយថៃ
អភិបាលខេត្តឧត្តរមានជ័យ៖ កម្ពុជាជ្រើសរើសច្បាប់ និងការទូត ជាជាងអាវុធ ដើម្បីដោះស្រាយវិវាទព្រំដែនជាមួយថៃ
យោងតាមការបង្ហោះផ្សាយរបស់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
នៅថ្ងៃនេះខ្ញុំបាទនិងក្រុមការងារបានសម្របសម្រួលដំណើរទស្សនកិច្ចក្រុមអនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេស ប្រចាំប្រទេសកម្ពុជា ដើម្បើចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់អំពីស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ។
សូមក្រុមអនុព័ន្ធយោធាបរទេស ប្រចាំប្រទេសកម្ពុជា ជួយធ្វើជាសាក្សីនិងរកយន្តការជំរុញឱ្យប្រទេសទាំងពីរប្រើយន្តការទ្វេភាគីដោយឈរលើទិដ្ឋភាពបច្ចេសទេសច្បាប់ជាតិនិងអន្តរជាតិដើម្បីបញ្ចៀសកុំឱ្យមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ។
នៅក្នុងដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់សេនានុព័ន្ធយោធាទាំង ១៣ ប្រទេស ក្នុងការរាយការណ៍ត្រឡប់ទៅរដ្ឋាភិបាលរៀងៗខ្លួន អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា។ វាក៏ជាការផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាគឺជាប្រទេសដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងត្រៀមខ្លួនជានិច្ចក្នុងការសហការទ្វេភាគីដើម្បីសន្តិភាពយូរអង្វែងបញ្ចៀសឱ្យបានដាច់ខាតនូវសោកនាដកម្មសង្គ្រាមក្នុងយុគសម័យថ្មីនេះ៕




