សម្តេច ទៀ បាញ់៖ ការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធាសមស្របតាមសភាពការណ៍តម្រូវ
សម្តេចពិជ័យសេនា ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិ បានយល់ស្របចំពោះការដាក់ឱ្យអនុវត្តកាតព្វកិច្ចយោធា ដែលសមស្របតាមសភាពការណ៍តម្រូវដើម្បីឱ្យយុវជនមានឱកាសបានចូលរួមបម្រើតបស្នងសងគុណជាតិ។
ថ្លែងប្រាប់សារព័ត៌មាន BTV សម្តេច ទៀ បាញ់ បានបញ្ជាក់ថា ច្បាប់កាតព្វកិច្ចយោធាចេញយូរហើយការរៀបចំចាត់តាំងអនុវត្តសភាពការណ៍មិនទាន់តម្រូវ តែដោយសារសភាពការណ៍វិវត្តន៍ថ្មីនេះគឺតម្រូវឲ្យយកមកអនុវត្ត ហើយតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថានឹងអាចឲ្យអនុវត្តនៅក្នុងបណ្តាឆ្នាំខាងមុខនេះ ទើបបានជាគណៈរដ្ឋមន្ត្រីធ្វើការពិនិត្យ មានការកែសម្រួលរៀបចំឲ្យសមស្របតាមតម្រូវការជាក់ស្តែង។ ហើយគណៈរដ្ឋមន្ត្រីបានអនុម័តរួចហើយនិងត្រូវឆ្លងរដ្ឋសភាហើយក៏មានការធ្វើវិសោធនកម្មមួយចំនួននៃច្បាប់នេះផងដែរ។
សម្តេច ទៀ បាញ់ បានមានប្រសាសន៍រម្លឹកថា កាលដែលសម្តេចនៅតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺច្បាប់កាតព្វកិច្ចយោធាមិនទាន់បានអនុវត្តពេញលេញទេ ដោយសំដៅយកគោលការណ៍ស្ម័គ្រចិត្តជាចម្បង ប៉ុន្តែឥឡូវសភាពការណ៍តម្រូវឲ្យមានច្បាប់កាតព្វកិច្ចយោធាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយល់ដឹងអំពីកាតព្វកិច្ចក្នុងការបំពេញភារកិច្ចនៅក្នុងកងទ័ព គឺជាការចាំបាច់ ដូច្នេះចង់តម្រឹមឲ្យវាត្រឹមត្រូវតាមផ្លូវច្បាប់។
សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានិងត្រូវបានប្រកាសជាការប្រញាប់។ សេចក្តីព្រាងច្បាប់នេះ មាន ៨ជំពូក និង ២០មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីអនុវត្តមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការបំពេញកាតព្វកិច្ចយោធា ដែលនឹងត្រូវធ្វើឡើងតាមរយៈរូបមន្តនៃការចាប់ឆ្នោតដែលស្របនិង បំពេញតាមតម្រូវការយោធាប្រចាំឆ្នាំ។
ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធានឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គម។ ក្រោយពីការចូលហ្វឹកហ្វឺនរយៈពេល២៤ខែ ប្រទេសយើងនឹងទទួលបានធនធាន មនុស្សល្អដែលជាធនធានប្រកបដោយវិន័យ, សីលធម៌ និងភាពជាអ្នកដឹកនាំតាមរយៈការធ្វើការជាក្រុម។ ការចូលហ្វឹកហ្វឺនក៏នឹងត្រូវទទួលបានការធានានៅកន្លែងធ្វើការ ជាពិសេសលើតួនាទីដែលយុវជនកំពុងមាន, មួយវិញទៀត យុវជនដែលចូលហ្វឹកហ្វឺននឹងទទួលបានដូចៗគ្នាពោលគឺការបណ្តុះបណ្តាល, សេវាសុខាភិបាល, ការស្នាក់នៅ ហូបចុក, របបឯកសណ្ឋាន និងគ្រឿងបំពាក់ជាមួយការផ្តល់ជូនប្រាក់ឧបត្ថម្ភប៉ុន្តែមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ៕




