ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់-ទទួលបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងឯកឧត្តមឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់-ទទួលបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានការរៀបចំពិធីចុះហត្ថលេខាប្រគល់-ទទួលបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានទឹកប្រាក់ស្មើនឹងប្រមាណ៧លានដុល្លារអាម៉េរិកក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអបអរសាទរយ៉ាងកក់ក្ដៅចំពោះការបញ្ចប់គម្រោងជួសជុលកែលម្អអគារមិត្តភាពដែលនឹងធានានូវមុខងារប្រើប្រាស់ពេញលេញនិងរួមចំណែកដ៏សំខាន់ក្នុងសកម្មភាពការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រីព្រមទាំងជាគម្រោងនិមិត្តរូបមួយក្នុងចំណោមគម្រោងជាច្រើនទៀត ដែលរដ្ឋាភិបាលចិនបានផ្ដល់ការគាំទ្រដល់កម្ពុជា។ ឯកឧត្តមក៏បានបញ្ជាក់ពីចំណងមិត្តភាពរឹងមាំរវាងចិន និងកម្ពុជាដែលជាមិត្តទុកចិត្តគ្នាទោះក្នុងស្ថានការណ៍ប្រែប្រួលនៃសាកលលោកហើយនឹងអនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមិត្តចិន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងគាំទ្រដល់គម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រោះគម្រោងនេះមិនត្រឹមតែបានធ្វើឱ្យអគារប្រវត្តិសាស្ត្រជានិមិត្តរូបតំណាងឱ្យចំណងមិត្តភាពកម្ពុជា-ចិនដ៏ស្កឹមស្កៃអាចរក្សាបាននូវស្តង់ដាសុវត្ថិភាព សោភណភាព ផាសុខភាព និងភាពស្រស់បំព្រងឡើងវិញប៉ុណ្ណោះទេ តែក៏ជាតម្រូវការចាំបាច់របស់ទីស្តីការគណៈរដ្ឋមន្រ្តីនិងជួយបង្កើនផលិតភាពការងារដល់ដឹកនាំ មន្ត្រី និងបុគ្គលិកផ្សេងទៀតដែលបំពេញការងារក្នុងអគារមិត្តភាពផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរអំពីតួនាទីដ៏សំខាន់របស់មិត្តចិនក្នុងការគាំទ្រសន្តិភាពនិងឯករាជ្យភាពរបស់កម្ពុជារួមទាំងការជួយសម្របសម្រួលកិច្ចសន្ទនារវាងកម្ពុជា-ថៃដើម្បីបន្ថយកម្ដៅនៃជម្លោះនិងទទួលបានបទឈប់បាញ់ ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដើម្បីគាំទ្រដល់ការកសាងឡើងវិញនិងការស្តារជីវភាពសហគមន៍ដែលរងផលប៉ះពាល់។ ឯកឧត្តមបានបញ្ជាក់ថា វិបុលភាព វឌ្ឍនភាពនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាមកដល់ពេលនេះគឺមិនអាចកាត់ផ្តាច់ពីកិច្ចសហប្រតិបត្តិការរបស់មិត្តចិនបានឡើយហើយនៅតែបន្តរីកស្គុសស្គាយនិងរឹងមាំព្រមទាំងនឹងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាឥតឈប់ឈរលើគ្រប់វិស័យនៅពេលអនាគតបន្ថែមទៀតស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ក្នុងន័យនេះ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា មិត្តចិននឹងបន្តផ្តល់ការគាំទ្រនិងរួមចំណែកនៅក្នុងមាគ៌ានៃដំណើរអភិវឌ្ឍន៍របស់កម្ពុជាដោយរួមទាំងការជួយធ្វើទំនើបកម្ម និងអភិវឌ្ឍន៍សមត្ថភាពកម្ពុជាជាពិសេសនៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកកំពុងបែកខ្ញែកនិងអានុភាពនៃយន្តការនិងច្បាប់អន្តរជាតិចុះខ្សោយ។
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានជួយទ្រទ្រង់ដល់ការស្តារនិងការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ៕




