ភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុងដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
ភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុងដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
យោងតាមសេចក្តីប្រកាសបដិសេធព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានក្នុងស្រុកថៃ បានផ្សព្វផ្សាយព័ត៌មានដែលបានលើកអំពីហេតុផលនិងអនុសាសន៍ស្នើលុប MOU ៤៣ (MOU ឆ្នាំ ២០០០) របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ។
សេចក្តីប្រកាសដដែលនេះបានឱ្យដឹងទៀតថា ឆ្លើយតបនឹងការលើកឡើងខាងលើ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនប្រកាសបដិសេធនិងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយគណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃ ភាគីទាំងពីរនាពេលកន្លងមក។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានគូសបញ្ជាក់ថា តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ (យោងតាមមាត្រា៦២ ចំណុចទី២ នៃ អនុសញ្ញាទីក្រុងប៉ែន ស្តីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ1969)។
ការលុប MOUឆ្នាំ២០០០ ដោយហេតុផលណាមួយគឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែលមានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ៕




