ឯកឧត្ដម លី ធុជ ស្នើសុំសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីននិងគាំការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ
ឯកឧត្ដម លី ធុជ ស្នើសុំសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យកម្ពុជាគ្មានផលប៉ះពាល់ដោយសារមីននិងគាំការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកដោយយោធាថៃ
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក Cosmin Dobran នាយកទទួលបន្ទុកសន្តិភាព ភាពជាដៃគូនិងគ្រប់គ្រងវិបត្តិនៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអ៊ឺរ៉ុប (European External Action Service_EEAS) និងគណៈប្រតិភូដើម្បីផ្លាស់ប្តូរយោបល់ពីស្ថានភាពព្រំដែននិងការគាំទ្រកិច្ចការបោស សម្អាតមីន។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអ៊ឺរ៉ុបសម្រាប់កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុបចំពោះភាពជាដៃគូយូរអង្វែងក្នុងកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីនរបស់កម្ពុជាក៏ដូចជាគាំទ្រកម្ពុជាក្នុងនាមជាប្រធាននិងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កាលពីឆ្នាំ២០២៤ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការបន្តប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការគាំទ្រពិភពលោកមួយដែលគ្មានមីន។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមក៏ដូចជាបញ្ហាប្រឈមនានាដែលកំពុងកេីតមានឡេីងដោយសារគ្រាប់មីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានភាពស្មុគស្មាញនិងមានផលប៉ះពាល់ខ្លាំងក៏ដូចជាបានបន្សល់ទុកបន្ថែមដោយកម្លាំងយោធាថៃ កាលពីសង្រ្គាមកម្ពុជា-ថៃពីរលេីកក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានស្នើសុំឱ្យសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគាំទ្រដល់ការបោសសម្អាតមីនដែលទេីបស្រាវជ្រាវរកឃើញថ្មី និងយុទ្ធភណ្ឌគ្រឿងផ្ទុះដែលបន្សល់ក្នុងសង្រ្គាមកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥៕




