ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់យោធាថៃកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ សកម្មភាពរបស់យោធាថៃកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៦១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ទីក្រុងហ្សឺណែវ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ខណៈពេលដែលយើងកំពុងពង្រឹងលើការអភិវឌ្ឍក្នុងប្រទេសនិងចាប់តាំង ពីពាក់កណ្តាលឆ្នាំ២០២៥មក ប្រតិបត្តិការយោធារបស់ថៃបានពង្រីកទៅកាន់តំបន់ព្រំដែនជាច្រើនកន្លែង ដែល បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលរបស់យើងជាផលវិបាកដែលស្ថិតក្រោមការទទួលខុសសត្រូវ ផ្ទាល់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។
យោងតាមខ្លឹមសារនៃបទអន្តរាគមន៍នោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា បទឈប់បាញ់លើកទី២ដែលសម្រេចបានកាលពីចុងឆ្នាំ២០២៥ នៅតែផុយស្រួយ។ ចាប់តាំងពីពេលនោះមក យោធាថៃ បានឈរជើងនៅលើទីតាំងហួសខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារដោយបានបង្កឱ្យមានការរំលោភបំពាន យ៉ាងជ្រៅទៅក្នុងទឹកដីកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថា ប្រជាជនស៊ីវិលរស់នៅក្នុងបណ្តាភូមិជាប់ព្រំដែន ត្រូវបានបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋាននិងផ្ទះសម្បែងរបស់គេដែលត្រូវបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ថៃត្រូវបានសាងសង់ឡើង ហើយការហាមឃាត់មិនឱ្យប្រជាជនស៊ីវិលចូលទៅកាន់តំបន់ទាំងនោះបាន ធ្វើឡើងដោយការដាក់រាយបន្លាលួសនិងទូកុងតឺន័រដែលបានរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលនិងផ្ទុយពីការព្រមព្រៀងគ្នាពីមុនរវាងប្រទេសទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់ថា លើសពីការបង្កអរិភាព ប្រជាជនស៊ីវិលជិត៦៥ម៉ឺន នាក់ ត្រូវបានផ្លាស់ទីលំនៅ ហើយមនុស្សជាង៨ម៉ឺននាក់ផ្សេងទៀត នៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់គេវិញបាននៅឡើយ ដែលសកម្មភាពទាំងនេះប៉ះពាល់ដល់ជនស៊ីវិល កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះការរំលោភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសិទ្ធិរស់រានមានជីវិត សិទ្ធិសន្តិសុខបុគ្គល សេរីភាពក្នុងការធ្វើដំណើរ សិទ្ធិទទួលបានជម្រកសមរម្យ និងសេរីភាពទទួលបាននូវវប្បធម៌និងសាសនា៕




