ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការវិនិយោគ ទំហំ ៥០០ លានដុល្លារ របស់ក្រុមហ៊ុនអាម៉េរិក CRL នៅក្នុងខេត្តកំពង់ធំ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការវិនិយោគ ទំហំ ៥០០ លានដុល្លារ របស់ក្រុមហ៊ុនអាម៉េរិក CRL នៅក្នុងខេត្តកំពង់ធំ
(កំពង់ធំ)៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការវិនិយោគរបស់ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនអាម៉េរិកឈានមុខគេនៅលើពិភពលោក ក្នុងវិស័យវិទ្យាសាស្រ្ត និងស្រាវជ្រាវវេជ្ជសាស្រ្ត ដើម្បីប្រកាសពីការចាប់ផ្តើមដំណាក់កាលថ្មីនៃការវិនិយោគ និងប្រតិបត្តិការរយៈពេលវែងនៅកម្ពុជា ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទឹកប្រាក់វិនិយោគរហូតដល់ ៥០០ លានដុល្លារអាម៉េរិក។ ពិធីនេះ ក៏មានអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានទូតសហរដ្ឋអាម៉េរិកនៅកម្ពុជាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន Charles River Laboratories – CRL ដែលបានសម្រេចចិត្តវិនិយោគក្នុងខេត្តកំពង់ធំ ដែលជាចំណុចកណ្តាល និងមានលក្ខណៈជាយុទ្ធសាស្រ្តនៅកម្ពុជា។ គម្រោងវិនិយោគចិញ្ចឹមស្វានេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្កើតការងារថ្មីសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការបណ្តុះបណ្តាលជំនាញ និងបច្ចេកទេស, ការបង្កើនប្រាក់ចំណូល និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, ការនាំចូលបច្ចេកវិទ្យាទំនើប និងចំណេះដឹងវិទ្យាសាស្ត្រ, ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធវិទ្យាសាស្ត្រ, ការកែលម្អស្តង់ដាសុខភាពសត្វ និងសុវត្ថិភាពជីវសាស្ត្រ និងជាពិសេសការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មពាក់ព័ន្ធទៅក្នុងតំបន់ និងសកល ក្នុងវិស័យជីវសាស្រ្ត និងសុខាភិបាល ដែលផ្តល់ប្រយោជន៍យ៉ាងធំធេងសម្រាប់មនុស្សជាតិនៅលើពិភពលោក។ ដូចនេះគម្រោងវិនិយោគដ៏ធំនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំ និយាយដោយឡែក និងនិយាយជារួម សម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ឯកឧត្តមបានបន្តថា គម្រោងវិនិយោគរបស់ក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យឯកជន ដែលគម្រោងខ្លះបាននិងកំពុងអនុវត្ត ហើយគម្រោងខ្លះទៀតកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ ដូចជា៖ សួនឧស្សាហកម្មចន្ទី, សួនកសិ-ឧស្សាហកម្ម និងការចិញ្ចឹមខ្យង់គុជ ព្រមទាំងគម្រោងអភិវឌ្ឍទេសចរណ៍ វារីវប្បកម្ម ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ និងដំឡូងមីជាដើម គឺជាការបង្ហាញឱ្យឃើញថា ខេត្តកំពង់ធំកំពុងស្ថិតក្នុងចលនការវិជ្ជមាន ស្របតាមចក្ខុវិស័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺលែងឱ្យខេត្តកំពង់ធំ ជាខេត្តទៅហួស មកហួសទៀត ទាំងគម្រោងអភិវឌ្ឍន៍ ការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ការស្វាគមន៍ និងគាំទ្រការវិនិយោគរបស់ក្រុមហ៊ុន CRL នៅកម្ពុជានាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញនូវការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន ជាពិសេសអនុសញ្ញា CITES ពាក់ព័ន្ធនឹងការចិញ្ចឹម និងការធ្វើពាណិជ្ជកម្មសត្វ។ គម្រោងវិនិយោគដ៏ធំនេះ ក៏ជាបង្គោលចរដ៏សំខាន់មួយ (Milestone) នៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រ ការស្រាវជ្រាវ និងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវ និងដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា គម្រោងនេះក៏ជាសញ្ញា ឬ សារជូនទៅសមាគមវិនិយោគិនអន្តរជាតិថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគល្អៗ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ព្រមទាំងផ្ដល់ប្រព្រឹត្តិកម្មស្មើៗគ្នា ដោយមិនរើសអើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានសន្តិភាពពេញលេញ រាជរដ្ឋាភិបាលក្នុងនីតិកាលមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន បានកសាងមូលដ្ឋានគ្រឹះសម្រាប់ការពូនជ្រំសមិទ្ធផលជាតិ និងជំរុញសម្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឥតឈប់ឈរ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែប្រកាន់យកនូវគោលនយោបាយគាំទ្រធុរកិច្ច (pro-business policy) ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូលសម្រាប់ជាមូលដ្ឋានគ្រឹះជំរុញសម្ទុះកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ឯកឧត្តមបានបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ បើទោះបីជាក្នុងបរិការណ៍ដែលពិភពលោកមានភាពមិនច្បាស់លាស់ ភាពតានតឹងកាន់តែខ្លាំងនៃភូមិសាស្រ្តនយោបាយ ការបែកខ្ញែកនៃភូមិសាស្រ្តសេដ្ឋកិច្ច និងការកើតឡើងនូវសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសជិតខាងក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជានៅតែបន្តមានភាពធន់ ដោយសម្រេចបាននូវកំណើនល្អប្រសើរ ដែលឆ្លុះបញ្ចាំងដោយកំណើនខ្ពស់នៃការវិនិយោគផ្ទាល់ពីបរទេស និងទំហំពាណិជ្ជកម្មកម្ពុជាជាមួយពិភពលោក។ ជាក់ស្តែង វត្តមានក្រុមហ៊ុន CRL នៅកម្ពុជានាពេលនេះ គូសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាបានក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់វិនិយោគិនអាម៉េរិក ក្នុងការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មដែលមានតម្លៃបន្ថែម និងបច្ចេកវិទ្យាខ្ពស់ ក្រៅពីវិស័យកាត់ដេរ និងទេសចរណ៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា ការសម្រេចបានសមិទ្ធផលសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមកនេះ គឺពិតណាស់មិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់សហរដ្ឋអាម៉េរិកបាននោះទេ ពិសេសលើវិស័យពាណិជ្ជកម្ម ព្រោះសហរដ្ឋអាម៉េរិក គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា បន្ទាប់ពីវត្តមានរបស់ក្រុមហ៊ុន CRL នៅក្នុងទឹកដីខេត្តកំពង់ធំ គឺនឹងបន្តមានក្រុមហ៊ុនអាម៉េរិកផ្សេងៗទៀត នឹងធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ទៀត ហើយខេត្តកំពង់ធំ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានត្រៀមខ្លួនជាស្រេចក្នុងការបន្តស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនអាម៉េរិក និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែខ្លាំងក្លា បន្ទាប់ពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើដល់ក្រុមហ៊ុន CRL និងអំពាវនាវដល់កសិដ្ឋានផ្សេងទៀត ដែលកំពុងធ្វើប្រតិបត្តិការចិញ្ចឹមស្វានៅកម្ពុជាទាំងអស់ ត្រូវដំណើរការប្រកបដោយតម្លាភាព និងអនុលោមតាមច្បាប់ឱ្យបានពេញលេញ ព្រោះការចិញ្ចឹមស្វាសម្រាប់ការនាំចេញ ក្នុងគោលដៅបម្រើដល់ការស្រាវជ្រាវវេជ្ជសាស្ត្រ និងជីវសាស្ត្រដែលមានស្តង់ដាកម្រិតសកល ដែលចាំបាច់ត្រូវអនុវត្តដោយគោរពយ៉ាងតឹងរ៉ឹង តាមស្តង់ដាអន្តរជាតិ នៃសុខុមាលភាពសត្វ, ក្របខ័ណ្ឌសុវត្ថិភាពជីវសាស្ត្រ, ក្រមសីលធម៌វិទ្យាសាស្ត្រ, ការការពារបរិស្ថាន និងធនធានធម្មជាតិជាដើម។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធ បន្តប្រកាន់ខ្ជាប់នូវគោលការណ៍នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CRL ដែលបានចុះ MOU ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលនេះបង្ហាញឱ្យឃើញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគោរពច្បាប់ ការរក្សាភាពស្អាតស្អំ តម្លាភាព និងការបដិសេធរាល់អំពើពុករលួយ ព្រមទាំងមានការទទួលខុសត្រូវសង្គម (CSR) ខ្ពស់។ ឯកឧត្តមក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តជួយគាំទ្រ ផ្តល់កិច្ចសហការ និងសម្រួលដល់ក្រុមហ៊ុនឱ្យដំណើរការបានល្អប្រសើរ ព្រោះថាបើក្រុមហ៊ុនជោគជ័យ នោះកម្ពុជាក៏ជោគជ័យដូចគ្នា។ ឯកឧត្តមក៏បានថ្លែងអំណរគុណក្រុមហ៊ុន CRL ដែលបានបង្កើតកញ្ចប់ថវិកា CSR ប្រចាំឆ្នាំ ចំនួន២៥០ ០០០ដុល្លារអាម៉េរិក ដើម្បីគាំទ្រគម្រោងលើវិស័យអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត និងកម្មវិធីអភិវឌ្ឍយុវជន ក្នុងខេត្តកំពង់ធំ ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនបង្កើនកញ្ចប់ថវិកា CSR ឱ្យកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន ដើម្បីចែករំលែកផលប្រយោជន៍ដល់សហគមន៍ជុំវិញ និងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យទទួលបានផលប្រយោជន៍ពីគម្រោងវិនិយោគនេះ។



















