ខ្មែរប៉ុស្ដិ៍ Close

ការបង្កើតខ្សែព្រំដែនដោយកម្លាំង៖ ការរំលោភច្បាប់អន្តរជាតិ និងហានិភ័យដល់សន្តិភាពតំបន់

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ ទស្សនៈ - នយោបាយ 363
ការបង្កើតខ្សែព្រំដែនដោយកម្លាំង៖ ការរំលោភច្បាប់អន្តរជាតិ និងហានិភ័យដល់សន្តិភាពតំបន់ ការបង្កើតខ្សែព្រំដែនដោយកម្លាំង៖ ការរំលោភច្បាប់អន្តរជាតិ និងហានិភ័យដល់សន្តិភាពតំបន់

 

គេមិនអាចបង្កើតខ្សែបន្ទាត់ព្រំដែនមួយដោយប្រើកម្លាំងប្រដាប់អាវុធ  ធ្វើការពុះជ្រែកនិងកាត់ផ្តាច់ទឹកដីចេញពីប្រទេសមួយដើម្បីយកទៅភ្ជាប់ដោយពង្រីកទឹកដីរបស់ខ្លួន និងចាត់ទុកថាជាការពង្រឹងអធិបតេយ្យភាពដោយការឈ្លានពាន ជាន់ឈ្លីលើច្បាប់អន្តរជាតិដោយការប្រើអំពើហិង្សា និងបំបែកសន្តិភាពដោយការធ្វើសង្គ្រាមបាននោះទេ។ 

នៅពេលដែលគ្រាប់កាំភ្លើងឈប់ផ្ទុះ ក្រោមបទឈប់បាញ់ ប៉ុន្តែថ្នាក់ដឹកនាំនៃប្រទេសណាមួយនៅតែបញ្ជាដល់កម្លាំងយោធា ឬស្ថិតនៅពីក្រោយការបើកដៃឱ្យមានការរុលនិងការទន្ទ្រានចូលកាន់កាប់ទឹកដីប្រទេសជិតខាងនោះ ប្រាកដជាមិនត្រឹមតែមានការបរាជ័យផ្នែកយុទ្ធសាស្ត្រយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបរាជ័យនៃប្រព័ន្ធច្បាប់អន្តរជាតិ និងក្រមសីលធម៌របស់រដ្ឋមួយនោះផងដែរ ពីព្រោះសកម្មភាពទាំងអស់នោះ គឺនឹងមិនអាចលាក់បាំងពីក្រសែភ្នែកសហគមន៍អន្តរជាតិបានឡើយ និងរិតតែពិបាកក្នុងការភូតកុហកពិភពលោកនេះណាស់ ក្នុងយុគសម័យបច្ចេកវិទ្យានៃបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយកាន់តែដ៏ទំនើបនេះ។

តាមសេចក្តីថ្លែងការណ៍ ច្បាប់អន្តរជាតិ និងការតវ៉ាផ្នែកការទូតរបស់កម្ពុជាជាច្រើន បានត្រូវដាក់ចេញក្នុងបរិបទនៃសង្គ្រាមកម្ពុជា-ថៃ នៅក្នុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះ។ ប៉ុន្តែសំណួរដែលពិភពលោកគួរតែសួរថា ហេតុអ្វីបានជាកើតមាននូវជម្លោះនេះឡើង ពីព្រោះព្រំដែនកម្ពុជា-ថៃត្រូវបានចែងនៅក្នុងសន្ធិសញ្ញានិងអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤-១៩០៧ ដោយឈរលើខ្នាត ១/២០០ ០០០ ច្បាស់លាស់រួចរាល់ហើយ និងតើជម្លោះនេះកើតចេញពីការឈ្លានពានចង់ពង្រីកទឹកដីរបស់យោធាថៃលើប្រទេសកម្ពុជាឬយ៉ាងណា?

សកម្មភាពបន្តឈ្លានពានរបស់យោធារបស់ថៃក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនត្រឹមតែជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាទេ ប៉ុន្តែថែមទាំងជាការរំលោភលើច្បាប់អន្តរជាតិជាច្រើនផ្នែក រាប់ចាប់ផ្តើមពីធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្ស។ វាក៏បង្ហាញពីហានិភ័យធ្ងន់ធ្ងរដល់ដំណើរការខណ្ឌសីមាព្រំដែន និងសន្តិភាពយូរអង្វែងក្នុងតំបន់ផងដែរ។

ការចុះហត្ថលេខាលើបទឈប់បាញ់ និងសេចក្តីប្រកាសរួមនៃទ្វេភាគីនៃប្រទេសដែលជាគូជម្លោះក្រោមការធ្វើជាសាក្សីពីប្រធានអាស៊ាន និងជាពិសេសសហរដ្ឋអាមេរិក និងចិន គួរតែជាឧបករណ៍គតិយុត្តមួយអាចបញ្ឈប់អំពើហិង្សា ប៉ុន្តែក្នុងករណីនេះ វាត្រូវបានបំផ្លាញម្តងហើយម្តងទៀតដោយការបន្តឈរជើង កាន់កាប់ និងវាយកម្ទេចសំណង់ស៊ីវិលដោយគឃ្លើនពីសំណាក់យោធាថៃក្រោយថ្ងៃដែលបានព្រមព្រៀងគ្នាឱ្យមាន “បទឈប់បាញ់” ចូលជាធរមាន។ ទង្វើឈ្លានពាននេះ សរឲ្យឃើញថាជាការបំប្លែងបទឈប់បាញ់ដែលជាឧបករណ៍សន្តិភាព ទៅជាការប្រើអំណាចយោធាមកអនុវត្តជំនួសវិញ។

សកម្មភាពឈូសឆាយ រាយលួសបន្លា តម្រៀបទូកុងតឺន័រ ការឈូសឆាយ ដុតបំផ្លាញ  កាន់កាប់ទឹកដីដោយកម្លាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិស៊ីវិល លួចទ្រព្យសម្បត្តិរបស់អ្នកភូមិ និងការរារាំងជនភៀសសឹក មិនអាចឲ្យចូលរស់នៅក្នុងលំនៅឋានវិញមិនមែនជាបញ្ហាទ្វេភាគីធម្មតាទៀតទេ ប៉ុន្តែក្លាយទៅជាបញ្ហាអន្តរជាតិ ពីព្រោះវាបានបង្កឱ្យមានការប៉ះពាល់ដល់៖ គោលការណ៍មិនប្រើកម្លាំង (UN Charter 2(4))ការការពារជនស៊ីវិល (Geneva Conventions) និងសិទ្ធិមានលំនៅឋានរបស់ប្រជាពលរដ្ឋស៊ីវិល។ អត្ថន័យនៃច្បាប់អន្តរជាតិ គឺបានបញ្ជាក់ច្បាស់ណាស់ថា៖ ដីដែលបានកាន់កាប់ដោយកម្លាំង មិនអាចក្លាយជាសិទ្ធិស្របច្បាប់របស់ប្រទេសណាមួយបានឡើយ។

ការឈរជើង ការសាងសង់លេណដ្ឋាន ការដោតទង់ និងការបង្កើតរចនាសម្ព័ន្ធលើដី គឺជាយុទ្ធសាស្ត្រ”បង្កើតស្ថានភាពជាក់ស្តែងនៅលើដី” ដើម្បីបំផ្លាញអត្ថន័យនៃផែនទី សន្ធិសញ្ញា និងដំណើរការខណ្ឌសីមារបស់ប្រទេសទាំងពីរ។ នេះបង្ហាញឲ្យឃើញថាជាការប្រកួតប្រជែងរវាង អំណាចយោធា និង អំណាចច្បាប់អន្តរជាតិហើយ ហើយនៅថ្ងៃខាងមុខបើច្បាប់ទទួលបរាជ័យនោះ សន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោកក៏ប្រាកដជាទទួលការបរាជ័យជាមិនខានឡើយ។

មកដល់ពេលនេះមានជនភៀសសឹកកម្ពុជារាប់សែននាក់ បាត់បង់ផ្ទះសម្បែង ដីធ្លី និងសុវត្ថិភាព នេះមិនមែនជាផលប៉ះពាលតែម្ខាងនោះទេ ប៉ុន្តែវាជាវិបត្តិរួមទាំងនៅក្នុងតំបន់និងអន្តរជាតិផងដែរ។ សង្គ្រាមសម័យថ្មីមិនត្រឹមតែវាយលុកនៅលើដីនោះទេ ប៉ុន្តែជាការវាយលុកសង្គម សេដ្ឋកិច្ច និងទំនុកចិត្តលើច្បាប់ផងដែរ។

ជម្លោះកម្ពុជា-ថៃនៅពេលនេះ មិនមែនជាសំណួរថា “នរណាកាន់កាប់ដីបានដី នរណាបាត់ដី” នោះទេ ប៉ុន្តែត្រូវសួរថា “នរណាមានឯកសារផ្លូវច្បាប់រឹងមាំជាង”។ កម្ពុជាបានជ្រើសរើសច្បាប់អន្តរជាតិ សន្តិវិធី និងយន្តការទូត។ ថៃ ប្រសិនបើនៅតែបន្តប្រើកម្លាំង នោះនឹងមិនត្រឹមតែបាត់បង់ភាពស្របច្បាប់នោះទេ ប៉ុន្តែអាចនឹងបាត់បង់ទំនុកចិត្តអន្តរជាតិ និងតួនាទីសីលធម៌ជារដ្ឋមួយផងដែរ។ ថៃក៏គួរតែឈប់បោកប្រាស់ប្រជាជនខ្លួនឯង ពីព្រោះប្លង់រឹងដែលបញ្ជាក់ពីខ្សែព្រំដែនមិនកែប្រែរវាងកម្ពុជា- ថៃ គឺមាននៅអង្គការសហប្រជាជាតិ ដែលនឹងធានា ការពារសុចរិតភាពនិងភាពត្រឹមត្រូវនៃការងារកំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែនផ្លូវការ ។ ដូច្នេះបើថៃនៅតែបន្តទន្រ្ទាន ឈ្លានពានកម្ពុជា គឺប្រាកដណាស់ចៀសមិនផុតពីការប្រឈមនឹង« ក្តីអាមាស់ បាក់មុខមាត់» ក្នុងពេលអនាគតជាក់ជាមិនខាន។ ការដកខ្លួនថយ បញ្ឈប់ការឈ្លានពានដោយស្ងាត់ស្ងៀម អាចជាជម្រើសល្អ ដែលថៃគួរភ្ញាក់រលឹក ប្រសិនណាមិនជាប់ជំពាក់ក្នុងហេតុផលនយោបាយបាំងមុខទេនោះ។

ការបញ្ឈប់មហិច្ឆតាឈ្លានពានកម្ពុជា គឺជាជម្រើសដែលថៃអាចធ្វើបាន។ អ្នកវិភាគមួយចំនួនក្នុងប្រទេសថៃ ក៏ធ្លាប់បានដាស់តឿនដល់រដ្ឋាភិបាលខ្លួនឯងអំពីការដើរខុសយុទ្ធសាស្ត្រនៃសកម្មភាពឈ្លានពាន ដែលនឹងបង្កើតកំហុសធំលើឆាកអន្តរជាតិ។ ថៃមិនអាចដើរតួជាមហាអំណាច ក្រោមហេតុផលវាតទីខណៈចំណុចខ្សោយផ្លូវច្បាប់កំពុងតែសង្កត់កនោះឡើយ។

គួរកត់សម្គាល់ផងដែរថា សន្តិភាពមិនអាចកើតចេញពីគ្រាប់កាំភ្លើងបានឡើយ។ វាត្រូវតែកើតចេញពីការគោរពព្រំដែន គោរពច្បាប់ និងគោរពសិទ្ធិមនុស្ស។ នៅចុងក្រោយ ប្រទេសណាដែលឈ្នះមិនមែនជាប្រទេសដែលកាន់កាប់ដីបានមួយចំនួនទេ ប៉ុន្តែជាប្រទេសដែលកាន់កាប់បាន សុចរិតភាព ស្របច្បាប់ និងការគាំទ្រពីសំឡេងរបស់ពិភពលោក៕

ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង