ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃបដិសេធព័ត៌មានថៃដែលផ្សាយថា ទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 431
ក្រសួងមហាផ្ទៃបដិសេធព័ត៌មានថៃដែលផ្សាយថា ទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា ក្រសួងមហាផ្ទៃបដិសេធព័ត៌មានថៃដែលផ្សាយថា ទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃ បានធ្វើការផ្សព្វផ្សាយអត្ថបទផ្ទុយពីការពិតមួយដែលមានខ្លឹមសារថា «…ទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា» ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបដិសេធយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត របស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។

យោងតាមប្រភពដដែលបានឱ្យដឹងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានបង្ហាញពីចេតនាទុច្ចរិត និងស្មោកគ្រោក មិនអាចប្រកែកបាន ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងចំណុច៨ នៃសេចក្ដីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាថា «ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មាន ក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាស អំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី» ។

លើសពីនេះទៀត ការរឹបអូសសព្វាវុធនៅក្នុងប៉ុស្តិ៍នគរបាល ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាសកម្មភាពឆក់ប្លន់ដែលបង្ហាញកាន់តែច្បាស់នូវការទទួលខុសត្រូវ ចំពោះមុខច្បាប់អន្តរជាតិ ដោយមិនអាចគេចវេសយករួចខ្លួនបានឡើយ។ ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទាត់ចោលទាំងស្រុងការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃ និងជំរុញឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ហើយងាកមកអនុវត្តតាម ខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី បង្កើនជំនឿទុកចិត្ត ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងគោរពគ្នាទៅវិញទៅមក៕

 

អត្ថបទទាក់ទង