ខ្មែរប៉ុស្ដិ៍ Close

ទស្សន:មិត្តអ្នកអាន ដរាបណាកម្លាំងសាមគ្គីជាតិខ្មែរនៅតែខ្លាំងក្លា ត្រូវជឿជាក់ថាទឹកដីខ្មែរយើងនឹងមិនបាត់បង់ឡើយ

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 738
ទស្សន:មិត្តអ្នកអាន ដរាបណាកម្លាំងសាមគ្គីជាតិខ្មែរនៅតែខ្លាំងក្លា ត្រូវជឿជាក់ថាទឹកដីខ្មែរយើងនឹងមិនបាត់បង់ឡើយ ទស្សន:មិត្តអ្នកអាន ដរាបណាកម្លាំងសាមគ្គីជាតិខ្មែរនៅតែខ្លាំងក្លា ត្រូវជឿជាក់ថាទឹកដីខ្មែរយើងនឹងមិនបាត់បង់ឡើយ

 

ស្ថិតនៅក្នុងកាលៈទេសៈដែលយោធាថៃកំពុងបង្កសង្គ្រាមឈ្លានពានកម្ពុជាតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជាបានងើបឡើងយ៉ាងផុសផុល និងខ្លាំងក្លាបំផុត ដោយបានរួបរួមគ្នានៅជុំវិញរាជរដ្ឋាភិបាលក្នុងគ្រាអាសន្ននេះ។ មនសិការស្នេហាជាតិមិនមែនគ្រាន់តែជាកាតព្វកិច្ចក្នុងនាមជាពលរដ្ឋនោះទេ ប៉ុន្តែវាគឺជាកម្លាំងចលករខាងស្មារតីដែលនឹងចូលរួមចំណែកយ៉ាងធំធេងការពារទឹកដីដែលដូនតាបានបន្សល់ទុកមកតាំងពីយូរលង់ណាស់មកហើយ។

ការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានក្លាយជាខឿនការពារជាតិដ៏រឹងមាំបំផុតសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងឈរជើងនៅសមរភូមិមុខ។ ជាងនេះទៀត នៅពេលដែលប្រជាពលរដ្ឋនៅសមរភូមិក្រោយមានជំនឿចិត្ត និងផ្តល់ការគាំទ្រយ៉ាងមុតមាំលើរាជរដ្ឋាភិបាល និងកងទ័ពជួរមុខ នឹងក្លាយជាកម្លាំងចិត្តមិនអាចកាត់ថ្លៃបានដល់វីរយុទ្ធជនយើងដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារព្រំដែន។

ការគាំទ្រនេះត្រូវបានស្តែងចេញតាមរយៈការជួយឧបត្ថម្ភជាសម្ភារៈ ថវិកា ពីគ្រប់មជ្ឈដ្ឋាន និងស្មារតីលើកទឹកចិត្តតាមគ្រប់រូបភាព ដែលបង្ហាញថាខ្មែរគ្រប់រូបត្រៀមខ្លួនជានិច្ចដើម្បីបុព្វហេតុជាតិ។

ក្នុងកាលៈទេសៈដ៏តានតឹងនេះយើងបានឃើញនូវទិដ្ឋភាពជំនួយយ៉ាងសន្ធឹកសន្ធាប់បានផ្ញើទៅកាន់សមរភូមិមុខ និងជំរុំជនភៀសសឹកនានាជាច្រើនកន្លែង។ ជំនួយទាំងនោះមិនត្រឹមតែជាស្បៀងអាហារ ថ្នាំសង្កូវ ឬសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ដង្ហើម» ដែលជួយទ្រទ្រង់កម្លាំងចិត្តកងទ័ពឱ្យបន្តឈរជើងការពារទឹកដីដោយមិនខ្លាចនឿយហត់ និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋយើងផងដែរ។ នៅពេលដែលជាតិជួបគ្រោះអាសន្ន ខ្មែរមិនដែលទុកឬបោះបង់គ្នាចោលនោះទេ។ សាមគ្គីភាពដែលកើតចេញពីការលះបង់ទ្រព្យធនផ្ទាល់ខ្លួននេះ បានក្លាយជាខឿនការពារជាតិដ៏រឹងមាំ និងជាកម្លាំងចលករដែលធ្វើឱ្យពួកចោរសៀមដឹងខ្លួនថា ការឈ្លានពានមកលើទឹកដីកម្ពុជា គឺជាការប្រឈមមុខជាមួយមហាជនទាំងមូល មិនមែនត្រឹមតែកងទ័ពនោះទេ។

ទោះជាយ៉ាងណា ការរំលោភបំពានទាំងនេះមិនបានធ្វើឱ្យខ្មែរចុះចាញ់ឡើយ ប៉ុន្តែបែរជាធ្វើឱ្យកម្លាំងសាមគ្គីភាពកាន់តែរឹងមាំទៅវិញ។ 

ទឹកចិត្តដ៏មោះមុត អង់អាចក្លាហានរបស់វីរ:កងទ័ពនៅសមរភូមិមុខ និងទឹកចិត្តចូលរួមគាំទ្រគ្រប់មធ្យោបាយរបស់ប្រជាជនយើងនៅសមរភូមិក្រោយ គឺជាសក្ខីភាពបញ្ជាក់ថា អាវុធទំនើបរបស់យោធាថៃ មិនអាចធ្វើឱ្យខ្មែរភ័យខ្លាច និងមិនអាចបំផ្លាញស្មារតីស្នេហាជាតិរបស់ខ្មែរបានឡើយ។ សាមគ្គីភាពជាធ្លុងមួយនេះ គឺជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលដាស់តឿនយើងគ្រប់ជំនាន់ថា «ដរាបណាខ្មែររួបរួមគ្នា ដរាបនោះទឹកដីនឹងស្ថិតស្ថេរគង់វង្ស»។

ដោយ: ឌី វីរ:

អត្ថបទទាក់ទង