រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ស្បៀងជាបន្តបន្ទាប់ជួយដល់ពលរដ្ឋភៀសសឹកតាមទីកន្លែងសុវត្ថិភាព ដើម្បីចៀសផុតពីហានិភ័យដោយសារការឈ្លានពានរបស់ភាគីថៃ
រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ស្បៀងជាបន្តបន្ទាប់ជួយដល់ពលរដ្ឋភៀសសឹកតាមទីកន្លែងសុវត្ថិភាព ដើម្បីចៀសផុតពីហានិភ័យដោយសារការឈ្លានពានរបស់ភាគីថៃ
យោងតាមការបង្ហោះផ្សាយរបស់លេខាធិការគណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានឱ្យដឹងថា
គិតចាប់តាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ស្បៀងជួយពលរដ្ឋ ភៀសសឹកជាបន្ទាន់ ទៅខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ស្របតាមការស្នើរបស់ខេត្ត ទាំង ៤នេះ ដែលរួមមាន៖
១.អង្ករ សរុបចំនួន ៤៥៥តោន
២.មី សរុបចំនួន ១៨ ២០០កេស
៣. ត្រីខកំប៉ុង សរុបចំនួន ១៨ ២០០យួរ
៤.ទឹកត្រី សរុបចំនួន ១៨ ២០០យួរ
៥.ទឹកស៊ីអ៊ីវ សរុបចំនួន ១៨ ២០០យួរ
៦.ទឹកបរិសុទ្ធសរុបចំនួន ១៨ ២០០កេស។
សូមជម្រាបជូនថា តាមរយ:យន្តការប្រព័ន្ធស្បៀងបម្រុងកម្ពុជា រាជរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ស្បៀងជាបន្តបន្ទាប់យ៉ាងទាន់ពេលសម្រាប់ជួយ ដល់ពលរដ្ឋភៀសសឹកដែលតាំងទីលំនៅបណ្តោះអាសន្នតាមទីកន្លែងសុវត្ថិភាព ដើម្បីចៀសផុតពីហានិភ័យដោយសារការឈ្លានពានរបស់ភាគីថៃ។ កិច្ចអន្តរាគមន៍នេះត្រូវបានធ្វើឡើងជាបន្ទាន់ ដើម្បីធានាយ៉ាងណារាជរដ្ឋាភិបាលអាចជួយពលរដ្ឋភៀសសឹក ដែលត្រូវការស្បៀងចាំបាច់បានទាន់ពេលនៅគ្រប់ទីកន្លែង។ រាជរដ្ឋាភិបាល បានត្រៀមស្បៀងបានគ្រប់គ្រាន់ធានាយ៉ាងរឹងមាំក្នុងការអន្តរាគមន៍ ជួយពលរដ្ឋភៀសសឹកស្របតាមគោលការណ៍នៃប្រព័ន្ធស្បៀងបម្រុងកម្ពុជា។ គោលការណ៍នៃការចាត់ចែងរបស់ ប.ស.ប.ក. គឺប្រកាន់គោលការណ៍កិច្ចសហការដៃគូជាមួយភាគីពាក់ព័ន្ធទាំងក្រសួងស្ថាប័នរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ទាំងដៃគូឯកជន និងប្រជាជន។គណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជាសេនាធិការផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
យោងតាមប្រភពព័ត៌មានដដែលបានឱ្យដឹងបន្ថែមថា គណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាគឺជាគណ:-កម្មាធិការអន្តរក្រសួងដែលមានតំណាងក្រសួងស្ថាប័នចូលរួមនិងមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។ ដោយតាំងពីដើមដំបូងនៃការបង្កើត ប.ស.ប.ក. រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរគ្រប់ជ្រុងជ្រោយគឺជាមួយនឹងគោលបំណងជួយប្រជាជនក្រីក្រនិងងាយរងគ្រោះដោយសារគ្រោះធម្មជាតិ និងឬគ្រោះអាសន្ននានា ផ្នែកស្បៀងដើម្បីទ្រទ្រង់ជីវភាពនិងគ្រាប់ពូជដំណាំដើម្បីស្តារដំណាំឡើងវិញក្រោយពីត្រូវបានបំផ្លាញឱ្យបានគ្រប់គ្រាន់និងទាន់ពេលតាមគោលការណ៍កំណត់ប៉ុណ្ណោះទេតែក្នុងការគ្រប់គ្រងចាត់ចែង ប.ស.ប.ក. រាជរដ្ឋាភិបាលក៏បានគិតគូរយ៉ាងហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានានូវប្រសិទ្ធភាព និងស័ក្តសិទ្ធភាពខ្ពស់នៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុរបស់រដ្ឋ(ដោយធ្វើការបម្រុងស្បៀង និងគ្រាប់ពូជដំណាំជារូបវន្តផង និងជាសាច់ប្រាក់ផង) ហើយក៏ដើម្បីផ្តល់លទ្ធភាពឱ្យដៃគូឯកជនមានឱកាសធុរកិច្ចជាមួយប្រព័ន្ធ-ស្បៀងបម្រុងកម្ពុជាផងដែរ។ ការចូលរួមពីភាគីឯកជនគឺគ្រប់ប្រភេទនៃបម្រុងរបស់ ប.ស.ប.ក. គឺទាំងស្បៀង ទាំងគ្រាប់ពូជស្រូវ និងដំណាំបន្លែ ទាំងសំបកបាវស្រូវ និងសំបកវេចខ្ចប់គ្រាប់ពូជដំណាំ។ ដោយឡែកចំពោះអង្គភាពប្រតិបត្តិវិញគឺនៅថ្នាក់ក្រោមជាតិគ្រប់កំរិត ជាពិសេសឃុំសង្កាត់ដែលជាអ្នកចូលរួមអនុវត្តដែលនៅកៀកបំផុតជាមួយប្រជាពលរដ្ឋ៕




