រដ្ឋមន្ត្រីការពារជាតិថៃបញ្ជាក់ថា លោកមិនដែលបានទូរស័ព្ទទៅបញ្ជា “ប៊ុនស៊ីន ផាតក្លាង” ឱ្យឈប់បាញ់ក្នុងរយៈពេល៦ម៉ោងដំបូងបន្ទាប់ពីការប៉ះទង្គិចជាមួយកម្ពុជានោះទេ
រដ្ឋមន្ត្រីការពារជាតិថៃបញ្ជាក់ថា លោកមិនដែលបានទូរស័ព្ទទៅបញ្ជា “ប៊ុនស៊ីន ផាតក្លាង” ឱ្យឈប់បាញ់ក្នុងរយៈពេល៦ម៉ោងដំបូងបន្ទាប់ពីការប៉ះទង្គិចជាមួយកម្ពុជានោះទេ
នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Nattaphon Narkphanit បានថ្លែងបញ្ជាក់ថា លោកមិនដែលបានទូរស័ព្ទទៅបញ្ជាលោកឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង ឱ្យឈប់បាញ់ក្នុងរយៈពេល៦ម៉ោងដំបូង បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយកម្ពុជាដូចដែលមានការសង្ស័យនោះទេ ដោយថា លោកមានតែគាំទ្រឱ្យកងទ័ពចាត់ការឱ្យចប់ ហើយថែបទាំងគាំទ្រឱ្យ ប៊ុនស៊ីន ផាតក្លាង វាយយកប្រាសាទតាក្របីត្រឡប់មកវិញឱ្យបានមុនពេលលោកចូលនិវត្តន៍ទៀតផង។ ប៉ុន្តែពេលវេលានៅពេលនោះហាក់មិនអំណោយផល។
លោក Nattaphon Narkphanit ថ្លែងបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ប៊ុនស៊ីន ផាតក្លាង អតីតមេបញ្ជាការភូមិភាគទី២ និងជាទីប្រឹក្សាផ្ទាល់របស់មេបញ្ជាការកងទ័ពជើងគោកបាននិយាយក្នុងឱកាសថ្លែងសុន្ទរកថាពិសេសមួយនៅខេត្តណាខនប៉ាធុមកាលពីថ្ងៃទី៨ ខែវិច្ឆិកាថា នៅថ្ងៃដំបូងនៃការប៉ះទង្គិចជាមួយកម្ពុជា (ថ្ងៃទី២៤ កក្កដា ២០២៥) មានអ្នកទូរស័ព្ទបញ្ជាឱ្យលោកឈប់បាញ់គ្នាក្នុងរយៈពេល៦ម៉ោងដំបូងបន្ទាប់ពីការប៉ះទង្គិចគ្នា ប៉ុន្តែត្រូវបានលោកបដិសេធមិនឈប់ ដោយថា លោកឈប់មិនបាននោះទេ ព្រោះការបាញ់គ្នាបានចាប់ផ្តើមហើយ៕
ប្រភព៖ Wassana Nanuam ៖ ៩-១១-២០២៥