គួរឲ្យភ្ញាក់ផ្អើល! ក្មេងជំទង់មួយក្រុមចូលប្លន់ក្នុងហាង Apple Store (មានវីដេអូ)
ហាង Apple Store ស្ថិតក្នុងផ្សារលក់ទំនិញ Fashion Fair នៃទីក្រុង Fresno រដ្ឋ California បានខាតបង់ទឹកប្រាក់ប្រមាណ ២៧ ០០០ ដុល្លារ ក្នុងរយៈពេលប៉ុន្មានវិនាទី ក្រោយក្មេងប្រុស ៤ រូប ចូលមកប្លន់ដោយមិនខ្លាចរអា។
តាមការឲ្យដឹងពីប៉ូលិសប្រចាំតំបន់ ពួកចោរបានឆក់យករាល់ឧបករណ៍ទាំងអស់ដែលអាចទាញផ្តាច់ពីខ្សែដែលដោតជាប់នឹងតុ ពោលគឺមាន iPhone 6, iPhone 7, iPhone 8 និង iPhone X សរុបទាំងអស់មាន ២៦ គ្រឿង។ គ្រានោះ អតិថិជនម្នាក់ក៏បានព្យាយាមរារាំងនៅនឹងមាត់ផ្លូវចេញ ប៉ុន្តែត្រូវបានជនដៃដល់រត់ទៅបុកឲ្យដួលនៅនឹងកន្លែង។
ប្រភពពីប៉ូលិសបន្តទៀតថាក្រុមចោរប្លន់មានគ្នា ៥ នាក់ បូករួមទាំងអ្នកបើកបររថយន្តចាំនៅខាងក្រៅម្នាក់ ហើយមានអាយុចន្លោះពី ១៦ ទៅ ១៨ ឆ្នាំ។ បញ្ហានេះ ប្រសិនបើនរណាម្នាក់អាចផ្តល់ដំណឹងពីតម្រុយថាតើក្រុមចោរនៅទីណា នោះនឹងទទួលបានប្រាក់រង្វាន់ ៥ ពាន់ដុល្លារជាការលើកទឹកចិត្ត៕