អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួន ដែលបានប្រមាថមកលើថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសចំពោះសកម្មភាពអសីលធម៌របស់ជនជាតិថៃមួយចំនួន ដែលបានប្រមាថមកលើថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា មានជនជាតិថៃមួយចំនួនបានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជាទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈ ជាដើម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌ទាំងនេះដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។
យោងតាមសេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងបន្ថែមថា ជនជាតិអាស៊ី ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណីគោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយបានជាថ្នាក់ដឹកនាំកំពូលកម្ពុជាទាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែអំពាវនាវជាញឹកញាប់ដល់ប្រជាពលរដ្ឋខ្មែរ សូមកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បីនិងសូមកុំមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅនិងប្រកបមុខរបរនៅកម្ពុជា៕






