សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់វីរកងទ័ព វីរកងនគរបាលដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់វីរកងទ័ព វីរកងនគរបាលដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរអរគុណចំពោះបងប្អូនវីរកងទ័ព វីរកងនគរបាលដែលកំពុងឈរជើងការពារនៅតាមទិសសមរភូមិជួរមុខទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តនិងអាយុជីវិតក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរបានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានបន្តគាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាល ព្រមទាំងបានបន្តចូលរួមចំណែកប្រកបដោយស្មារតីនិងមនសិការជាតិខ្ពស់ក្នុងការឧបត្ថម្ភគាំទ្រតាមគ្រប់រូបភាព ទាំងធនធាន សម្ភារ និងទឹកចិត្តដើម្បីផ្តល់ជូនវីរកងទ័ព វីរកងនគរបាលនិងយុទ្ធជនរបស់យើងផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងការកោតសរសើរនិងអរគុណដល់គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធរបស់យើងគ្រប់ប្រភេទ ដែលបានចូលរួមក្នុងការការពារសុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរកន្លងទៅនេះផងដែរ៕






