សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯកឧត្តមអគ្គលេខាធិការ(UN)ជំរុញឱ្យភាគីកម្ពុជា-ថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការដែលមានស្រាប់ស្របតាមច្បាប់អន្តរជាតិជៀសវាងការប្រើប្រាស់កម្លាំងយោធា
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឯកឧត្តមអគ្គលេខាធិការ(UN)ជំរុញឱ្យភាគីកម្ពុជា-ថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការដែលមានស្រាប់ស្របតាមច្បាប់អន្តរជាតិជៀសវាងការប្រើប្រាស់កម្លាំងយោធា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ ពីសាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា សម្តេចបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថា ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងនាមជាសមាជិកនៃអង្គការពិភពលោក ក្នុងកិច្ចការជាច្រើន។
សម្តេចធិបតីបានបន្ថែមថា ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ថា ឯកឧត្តមផ្ទាល់ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើករណីនេះ។ ឯកឧត្តម បានសម្តែងការស្វាគមន៍ចំពោះបទឈប់បាញ់រវាងកងទ័ពកម្ពុជានិងថៃ និងបន្តជំរុញឱ្យស្ថានការអាចវិលត្រលប់ទៅរកប្រក្រតីភាពនាពេលឆាប់ៗខាងមុខនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានទទួលយកសំណើក្នុងការជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេចជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ សូមឱ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ (គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃJBC)ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន សន្ធិសញ្ញាពាក់ព័ន្ធនិងច្បាប់អន្តរជាតិ។


