សម្តេចតេជោ ហ៊ុន សែន៖ ជម្លោះកម្ពុជា-ថៃ កើតឡើងដោយសារ ភាគីថៃ បានប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា បញ្ហាជម្លោះកម្ពុជា-ថៃ កើតឡើងដោយសារ ភាគីថៃ បានប្រើប្រាស់ផែនទីដែលគូសដោយឯកតោភាគីខ្លួនឯង ដោយមិនគោរពកិច្ចព្រមព្រៀងបារាំង-សៀម អមដោយផែនទី ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលខ្លួនបានចុះហត្ថលេខាដោយផ្ទាល់។
ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលមិនគោរពតាមកិច្ចព្រមព្រៀងបារាំង-សៀម អមដោយផែនទី ឆ្នាំ១៩០៧ គឺស្មើនឹង «ចោរ» ដែលចង់បានទឹកដីកម្ពុជាយើង។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនចង់បានសង្រ្គាមនោះទេ ប៉ុន្តែនៅប្រទេសថៃ មានជនល្មោភសង្រ្គាម អមដោយអ្នកនយោបាយមួយចំនួនតូចចង់បានសង្រ្គាម ប៉ុន្តែកម្ពុជា មិនបានយកថៃទាំងមូល ធ្វើជាសត្រូវនោះទេ ព្រោះនោះគឺជាជម្លោះនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ៕