ខ្មែរប៉ុស្ដិ៍ Close

គង់ ចាន់ស្រីមុំ សម្រាលបានកូនស្រីមួយព្រឹកមិញនេះដោយជោគជ័យ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 16
គង់ ចាន់ស្រីមុំ សម្រាលបានកូនស្រីមួយព្រឹកមិញនេះដោយជោគជ័យ គង់ ចាន់ស្រីមុំ សម្រាលបានកូនស្រីមួយព្រឹកមិញនេះដោយជោគជ័យ

ភ្នំពេញ៖ តារាស្រីរូបស្រស់ អ្នកនាងគង់ ចាន់ស្រីមុំ បានធ្វើការវះកាត់សម្រាលកូនស្រីដំបូងរបស់ខ្លួនដោយជោគជ័យ កាលពីព្រឹកថ្ងៃទី 07 ខែកក្កដា ឆ្នាំ 2018 ពោលគឺបន្ទាប់ពីថ្ងៃខួបកំណើតរបស់នាង ដែលប្រព្រឹត្តទៅយ៉ាងសប្បាយអស់ដៃ​ជាមួយសាច់ញាតិ ព្រមទាំងមិត្តភក្តិជិតស្និទ្ធ កាលពីរាត្រីថ្ងៃទី 06 ខែកក្កដា ឆ្នាំ 2018 នៅក្នុងមន្ទីរពេទ្យដែលនាងត្រៀមនឹងសម្រាលកូន។

តាមរយៈវីដេអូឃ្លីបខ្លីមួយដែលបង្ហាញពីមុខមាត់កូនស្រីជាទីស្រលាញ់របស់ខ្លួន លោកគឹម សីហា បានបញ្ជាក់ថាកូនស្រីដែលទើបតែសម្រាលនៅថ្ងៃពិសេស គឺថ្ងៃទី 07 ខែកក្កដា នាវេលាម៉ោង 7 ព្រឹកនេះ ត្រូវបានដាក់ឈ្មោះថា គឹម សីហ៍មរកត ហើយហៅថា «ម៉ូម៉ូ»។

ជាមួយនេះ គណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ អ្នកនាង គង់ ចាន់ស្រីមុំ បានសរសេរបញ្ជាក់ ថា “Kem Seimorokot_MOMO គឹម សីហ៍ មរកត Kem seimorokot កើតថ្ងៃសៅវ៍ ត្រូវជាថ្ងៃ 10រោច ខែស្រាពណ៍ ឆ្នាំចរ សំរឹទ្ធស័ក ពស 2562 វេលាម៉ោង 7ព្រឹក ទី 7 ខែកក្កដា ឆ្នាំ2018…” “សួស្តីព្រះនាងតូចម៉ូម៉ូ ស្វាគមន៍មកកាន់គ្រួសារដ៏កក់ក្តៅរបស់យើង Kem Seimorokot MOMO …”។

អ្នកនាង គង់ ចាន់ស្រីមុំ បន្ថែមថា “អរគុណណគ្រប់គ្នាដែលបានមកវ៉ល់ឱ្យសប្បាយ ហើយជូនពរអូន និង momo ជួបគ្នាថ្ងៃស្អែកណា ព្រះនាងតូចម៉ាក់ HAPPY BIRTHDAY TO ME អរគុណទៅដល់មន្ទីពេទ្យ Chetra Poly- clinic & Julie Maternity ដែលបានយកចិត្តទុកដាក់ និងអនុញ្ញាតឱ្យខ្ញុំធ្វើកម្មវិធីខួបកំណើតនៅទីនេះ…”។ “ខួបកំណើតឆ្នាំនេះ ខ្ញុំបានទទួលនូវកាដូរដ៏ធំបំផុតនៅក្នុងជីវិត កាដូមួយនោះ នឹងមកជួបខ្ញុំនៅថ្ងៃស្អែក គឺជាពេលវេលាមួយដ៏អស្ចារ្យ ដែលគ្រួសារយើងទន្ទឹងរង់ចាំ ពិសេស ឆ្នាំនេះខ្ញុំបានបំពេញបំណងរបស់ខ្លួន គឺបានរៀបចំខួបកំណើត និងត្រៀមទទួលព្រះនាងតូច Kem Seimorokot MOMO នៅមន្ទីរពេទ្យ ហើយថែមទាំងទទួលបានការយកចិត្តទុកដាក់ពីមន្ទីរពេទ្យទៀតផង…”។

គួរបញ្ជាក់ថា នៅមុនថ្ងៃសម្រាលកូនស្រី អ្នកនាងគង់ ចាន់ស្រីមុំ បានធ្វើការដាក់លក់សម្លៀកបំពាក់ ដែលនាងធ្លាប់ស្លៀករួចហើយ (សម្លៀកបំពាក់មួយទឹក) ដើម្បីប្រមូលយកថវិកាទាំងនោះ ទៅឧបត្ថម្ភជួយដល់មន្ទីរពេទ្យគន្ធបុប្ជា នៅក្នុងឱកាសថ្ងៃខួបកំណើតរបស់នាង និងជាថ្ងៃចាប់កំណើតឃើញពន្លឺថ្ងៃរបស់កូនស្រីសំណព្វចិត្តរបស់នាងផងដែរ។ ដោយឡែក ថវិកាសរុបដែលបានមកពីការលក់សម្លៀកបំពាក់មួយទឹក ដែលត្រូវបានគង់ ចាន់ស្រីមុំ និងស្វាមី យកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ជា មានចំនួន10លានរៀល ឬស្មើនឹង 2500ដុល្លារ ។

ថៅកែស្រីវ័យក្មេងរូបនេះ បានបញ្ជាក់ថា មូលហេតុដែលនាងផ្តើមគំនិតលក់សម្លៀកបំពាក់មួយទឹក យកប្រាក់ទៅជួយមន្ទីរពេទ្យគន្ធបុប្ជានេះ គឺដើម្បីជាការចូលរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ជា ដែលកំពុងជួយសង្គ្រោះដល់ជីវិតកុមារកម្ពុជា នៅក្នុងឱកាសថ្ងៃកំណើតរបស់នាង ក៏ដូចជាថ្ងៃចាប់កំណើតរបស់កូនស្រីជាទីស្រលាញ់របស់នាងផងដែរ៕