រាជរដ្ឋាភិបាលមានសុឆន្ទៈដំឡើងប្រាក់បៀរវត្សរ៍ជូនបងប្អូនកម្មករនិយោជិតទោះតិចក្តីច្រើនក្តី
នៅក្នុងឱកាសអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា» នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ជាបន្តបន្ទាប់ហើយប្រទេសមួយចំនួនមិនបានដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតជានិច្ចទោះបីតិច ឬច្រើនក៏ដោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ចំពោះការដំឡើងប្រាក់ឈ្នួល រាជរដ្ឋាភិបាលបន្ថែមតួលេខ ២ដុល្លារ លើតួលេខ ២០៦ដុល្លារ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ កើនដល់ចំនួន ២០៨ ដុល្លារអាម៉េរិក និងបានកំពុងអនុវត្តដោយជោគជ័យ។ ខណៈប្រសិនបើបូកបន្ថែមប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលទាបបំផុតចន្លោះពី ២២៥ ដុល្លារអាម៉េរិក ដល់ ២៣៦ ដុល្លារអាម៉េរិកក្នុងមួយខែ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីការដំឡើងប្រាក់បៀរវត្សរ៍តិចក្តីច្រើនក្តីប៉ុន្តែក្នុងកាលៈទេសៈលំបាកគឺបង្ហាញអំពីការធ្វើសកម្មភាពជាក់ស្តែង និងការគិតគូរពីផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត៕