ខ្មែរប៉ុស្ដិ៍ Close

តើធនធានធម្មជាតិនៅកម្ពុជាត្រូវបានបំផ្លាញដូចការចោទប្រកាន់ ដែរឬទេ?

ដោយ៖ Sreyleak ​​ | ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 216
តើធនធានធម្មជាតិនៅកម្ពុជាត្រូវបានបំផ្លាញដូចការចោទប្រកាន់ ដែរឬទេ? តើធនធានធម្មជាតិនៅកម្ពុជាត្រូវបានបំផ្លាញដូចការចោទប្រកាន់ ដែរឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មានអ្នកអគតិមួយចំនួនបានលើកឡើងថា ភ្នំនៅប្រទេសចិនភាគច្រើនគេធ្វើចម្ការ រីឯភ្នំនៅស្រុកខ្មែរឃើញតែវ៉ៃយកថ្ម។ សម្ដេចបានសង្កត់ធ្ងន់ថា បើអ្នកឯងទៅថតជនជាតិចិនធ្វើចម្ការ គឺឃើញចម្ការហើយ បើអ្នកឯងទៅថតភ្នំនៅមណ្ឌលគិរី ប្រាកដជាឃើញដើមអាកាស្យាហើយ តែបើទៅថតភ្នំដែលគេវ៉ៃយកថ្ម ប្រាកដជាឃើញភ្នំដែលត្រូវបានគេវ៉ៃយកថ្មទៅប្រើប្រាស់ហើយ។

សម្តេចធិបតី បានថ្លែងបន្តថា ប្រទេសចិន បានកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសគេច្រើនណាស់។ សម្ដេចធិបតីបានចោទជាសំណួរថា តើចិនគេនាំចូលថ្មស៊ីម៉ង់ត៍ពីក្រៅប្រទេសទេ? គឺអត់ទេ គេប្រាកដយកវត្ថុធាតុដើមក្នុងស្រុកហើយ។ សម្ដេចថា សូម្បីតែការធ្វើផ្លូវហៃវេ (Highway) នៅអាមេរិក ក៏អាមេរិកមិននាំចូលថ្មពីប្រទេសម៉ិចស៊ីកូ ឬកាណាដានោះដែរ ព្រោះមានតម្លៃថ្លៃ។ ដូចនេះអាមេរិកគេវ៉ៃយកថ្ម ក្នុងប្រទេសគេវិញ។

សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា មានជនអគតិមួយចំនួនតូច អត់យល់ អត់ទាន់សម័យកាល ដែលថាស្រុកខ្មែរមានធនធានធម្មជាតិច្រើនណាស់ ហេតុអ្វីទៅខ្ចីគេវិនិយោគ ហើយអាអ្នកដែលនៅជាមួយគ្នាហ្នឹងបាននិយាយថា ខេ្ចចអស់ហើយធនធានធម្មជាតិ។ សម្ដេចធិបតីបានបន្តថា ចុះបើសិនជាប៉ះពាល់ធនធានធម្មជាតិមិនបាន ហើយមិនឱ្យពាក់ព័ន្ធនឹងការខ្ចីគេ តើយើងបានធនធានពីណាដើម្បីអភិវឌ្ឍ? ដូចជាខ្សាច់ត្រូវទិញពីគេទេ? តើត្រូវទិញស៊ីម៉ង់ត៍ពីថៃ យកមកធ្វើនៅស្រុកយើង បើកម្ពុជាមានភ្នំនៅកំពតតាំងពីដើម ដែលធ្វើស៊ីម៉ង់ត៍ផ្គត់ផ្គង់ក្នុងស្រុកចំនួន ៨០% ក្នុងប្រទេស ដែលមានតម្លៃសមរម្យ មានគុណភាពអាចធានាបានស្រាប់ទៅហើយនោះ?

យ៉ាងណាក៏ដោយ សម្ដេចធិបតីបានសង្កាត់ធ្ងន់ថា អ្វីដែលសំខាន់ គឺការគ្រប់គ្រងដោយប្រកបដោយចីរភាព ត្រូវគិតគូរថាកន្លែងណាត្រូវថែទាំ កន្លែងណាត្រូវយកទៅប្រើប្រាស់ ព្រោះបើមិនឥចឹងទេ នោះនឹងនាំឱ្យតម្លៃនៃការដឹកជញ្ជូនមានតម្លៃនៃការផលិតខ្ពស់ នាំឱ្យការប្រកួតប្រជែងមិនឈ្នះគេនោះទេ៕

 

អត្ថបទទាក់ទង