ហេតុអ្វីបានជា រាជរដ្ឋាភិបាល សម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា?
រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ នេះបើយោងតាមសរាចរស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ៣មីនាលើកទី២៧ ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់សិល្បៈវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិដ៏ឧត្តុង្គឧត្តមនេះ និងដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្នស្របតាមគោលនយោបាយជាតិស្ដីពីវិស័យវប្បធម៌និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាទី៧ នៅរដ្ឋសភា រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនាលើកទី២៧ ឆ្នាំ២០២៥ ដោយបន្តរក្សាប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ក្នុងគោលបំណងដូចតទៅ៖
– លើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរនិងកិត្យានុភាពជាតិដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស
– បំផុសឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសយុវជនចូលរួមជាកម្លាំងចលករ ក្នុងកិច្ចអភិរក្សលើកស្ទួយនិងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឲ្យបានស្ថិតស្ថេរគង់វង្សនិងរីកចម្រើនដោយមិនប្រកាន់នូវនិន្នាការនយោបាយជំនឿសាសនា ពណ៌សម្បុរ និងជាតិពន្ធុ
– បង្កើនការយល់ដឹងអំពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែបដែលជាប្រភពមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពតាមរយៈការបង្កើតសេវានិងផលិតផលវប្បធម៌ថ្មីៗប្រកបដោយភាពច្នៃប្រតិដ្ឋក្នុងគោលដៅពាណិជ្ជកម្មនិងទេសចរណ៍ ដែលរួមចំណែកដល់ការបង្កើតការងារឲ្យកាន់តែច្រើន សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
– លើកកម្ពស់ភាពច្នៃប្រតិដ្ឋនិងនវានុវត្តន៍នៅក្នុងវិស័យសិល្បៈវប្បធម៌ដោយប្រើបច្ចេកវិទ្យាឌីជីថល ព្រមជាមួយនឹងគំនិតផ្ដួចផ្ដើមថ្មីៗ ឈរលើមូលដ្ឋានអត្តសញ្ញាណជាតិ ដើម្បីបង្កើនភាពទាក់ទាញ និងផ្ដល់ភាពងាយស្រួលដល់ការចូលរួមក្នុងសកម្មភាពវប្បធម៌សម្រាប់សាធារណៈជនទូទៅ ជាពិសេសកុមារ យុវជន ស្ត្រី មនុស្សចាស់ និងជនមានពីការភាព ក្រោមទិសស្លោក សិល្បៈវប្បធម៌សម្រាប់យើងទាំងអស់គ្នា
– លើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ទំនង ពីសង្គមមួយទៅសង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅប្រទេសមួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ដែលនាំមកនូវសាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព៕