ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំឈឺក្បាលនឹងអ្នករិះគន់ តែត្រូវខិតខំកសាងសមិទ្ធផលឲ្យបានច្រើន

ដោយ៖ Sreyleak ​​ | ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 207
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំឈឺក្បាលនឹងអ្នករិះគន់ តែត្រូវខិតខំកសាងសមិទ្ធផលឲ្យបានច្រើន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កុំឈឺក្បាលនឹងអ្នករិះគន់ តែត្រូវខិតខំកសាងសមិទ្ធផលឲ្យបានច្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលមិនបានខ្វល់ទៅនឹងអ្នកដែលចាំតែរិះគន់វាយប្រហារមកលើរាជរដ្ឋាភិបាលនោះទេ តែរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបង្កើតសមិទ្ធផលថ្មីៗ ដែលជាប្រយោជន៍ជូនដល់សង្គមជាតិ និងប្រជាជនកម្ពុជា។

ថ្លែង ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងសមិទ្ធផលនានានៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថា កុំខ្វល់នឹងអ្នកអង្គុយរិះគន់ តែត្រូវប្រឹងធ្វើឲ្យបង្កើតសមិទ្ធផលបានច្រើន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បន្តថា បើគេចោទថា រាជរដ្ឋាភិបាលមិនបានធ្វើអីសោះ គឺយើងត្រូវសម្ពោធសមិទ្ធផលឲ្យបានច្រើន។ បើគេចោទថា រាជរដ្ឋាភិបាលអត់យកចិត្តទុកដាក់ទៅលើប្រជាជន គឺយើងដាក់ចេញកម្មវិធីជួយប្រជាពលរដ្ឋឲ្យបានច្រើន ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត និងការជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋតាមរយៈការផ្តល់បណ្ណសមធម៌ និងបណ្ណ ប.ស.ស ជាដើម។ ជាពិសេសដោះស្រាយបញ្ហាដីធ្លីជូនដល់ប្រជាពលរដ្ឋ និងបង្កើតកម្មវិធីដល់ដីរបស់រដ្ឋជូនដល់ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដទៀតផង។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការខិតខំបង្កើតសមិទ្ធផលថ្មីៗ និងដោះស្រាយបញ្ហាដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងនោះ គឺជាឆ្លើយតបយ៉ាងល្អបំផុតចំពោះក្រុមអ្នកអង្គុយរិះគន់យ៉ាងមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង