តើតាមរយៈសៀវភៅប្រវត្តិសាស្ត្រថ្នាក់ទី៦ថ្មី ក្រសួងអប់រំពិតជាមានគំនិតទុច្ចរិតចង់បំប្លែងប្រវត្តិសាស្ត្រខ្មែរមែនឬ?
តើតាមរយៈសៀវភៅប្រវត្តិសាស្ត្រថ្នាក់ទី៦ថ្មី ក្រសួងអប់រំពិតជាមានគំនិតទុច្ចរិតចង់បំប្លែងប្រវត្តិសាស្ត្រខ្មែរមែនឬ?
នាឱកាសអញ្ជើញជាអធិតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នៅក្នុងរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងជាសំណួរថា តើរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ ដែលបានរៀបចំចងក្រងសៀវភៅប្រវត្តិសាស្ត្រ ថ្នាក់ទី៦ថ្មី ពិតជាមានគំនិតទុច្ចរិតចង់បំប្លែងប្រវត្តិសាស្ត្រខ្មែរ ឱ្យកូនខ្មែរជំនាន់ក្រោយដឹងគុណបរទេសដូចគេចោទប្រកាន់មែនឬទេ?
សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រឿងជាតិនិយម ការស្រលាញ់ជាតិ ការថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិ ត្រូវតែមានគ្រប់គ្នាទាំងអស់ ហើយបងប្អូនដែលបញ្ចេញមតិនៅលើអនឡាញបារម្ភពីរឿងនេះ គឺមិនខុសទេ។ ប៉ុន្តែអ្វីដែលសំខាន់ មនុស្សភាគច្រើនមិនបានចាប់កាន់អានសៀវភៅនេះដើម្បីយល់ដឹងពីខ្លឹមសារពិតរបស់វានៅឡើយទេ។
ជាចម្លើយតប សម្តេចធិបតី បានថ្លែងសង្កត់ធ្ងន់ថា សៀវភៅថ្មីនេះ និយាយតែពីប្រវត្តិសាស្ត្រ និងការតស៊ូរបស់ថ្នាក់ដឹកនាំខ្មែរគ្រប់ជំនាន់ ហើយមានតែខ្លឹមសារ២បន្ទាត់ប៉ុណ្ណោះ ដែលនិយាយពីកងទ័ពស្ម័គ្រចិត្តវៀតណាម។
ទន្ទឹមនឹងការស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពផ្សាយបង្ហោះសៀវភៅនេះតាមអនឡាញ ដើម្បីឲ្យប្រជាពលរដ្ឋយើងបានសិក្សាច្បាស់លាស់ សម្ដេចធិបតីក៏បានស្នើឱ្យពលរដ្ឋ បញ្ញវ័ន្ត និស្សិត សាស្ត្រាចារ្យ សិស្សានុសិស្ស ដែលជាអ្នករៀនបានខ្ពង់ខ្ពស់ មានឯករាជ្យខាងគំនិត និងការសម្រេចចិត្ត កុំចែកចាយបន្តនូវខ្លឹមសារទាំងឡាយណាដែលខ្លួនផ្ទាល់ពុំបានស្វែងយល់ គិត និងវិភាគឱ្យបានច្បាស់លាស់ជាមុន។
សម្តេចធិបតី បានថ្លែងដូចនេះ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិតី ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នៅក្នុងរាជធានីភ្នំពេញ៕





