ខ្មែរប៉ុស្ដិ៍ Close

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 108

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសត្យា នៃទីស្តីការក្រសួងព័ត៌មាន មានរៀបចំសិក្ខាសាលាផ្សព្វ ផ្សាយប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការដោយប្រព័ន្ធអ៉ីនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ ក្រោមអធិបតីភាពលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។

សិក្ខាសាលានេះដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានមន្ទីរព័ត៌មានរាជធានី​ ខេត្ត នាយកសារព័ត៌មាន និងម្ចាស់គេហទំព័រព័ត៌មាន រុចំនួនប្រមាណជាង២០០នាក់ផងដែរ។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោក ផុស សុវណ្ណ​ បានថ្លែងអំណរគុណចំពោះការចូលរួមក្នុងសិក្ខាសាលានាពេលនេះ។ លោកបានបន្តថា ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការដោយប្រព័ន្ធអ៉ីនធឺណិតពុំមែនជាការរិតត្បិតសិទ្ធិសេរីភាពសារព័​ត៌មាននោះឡើយ ប៉ុន្តែជាការការពារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជាការលើកស្ទួយទំនុកចិត្តចំពោះព័ត៌មានតាមប្រព័ន្ធអ៉ីនធឺណិត។

លោក សាន ពុទ្ធារី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានសោតទស្សន៍ បានឡើងធ្វើបទបង្ហាញស្តីពី ស្ថានភាពប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រនិងបណ្តាញទំនាក់ទំនងសង្គមនៅកម្ពុជា ការចុះបញ្ជីធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមអនឡាញ ការផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រនិងបណ្តាញទំនាក់ទំនងសង្គម ប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំ​នងសង្គម និងទោសបញ្ញត្តិចំពោះការផ្សាយព័ត៌មានមិនពិត។

លោក សាន ពុទ្ធារី បានលើកឡើងពីច្បាប់មួយចំនួនផងដែរដូចជា៖
យោងតាមមាត្រា៤២៥នៃក្រមព្រហ្មទណ្ឌស្តីពីបទល្មើសក្លែងព័ត៌មាន បានចែងថា៖ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ដល់៤លានរៀល ចំពោះអំពើផ្តល់ឬបើកកកាយព័ត៌មានក្លែងដើម្បីធ្វើឱ្យគរជឿថា នឹងកើតមានឡើងនូវការបំផ្លិចបំផ្លាញ ការធ្វើឱ្យទ្រុឌទ្រោម ឬការធ្វើឱ្យខូចខាតប្រកបដោយគ្រោះថា្នក់ចំពោះមនុស្ស។

នៅក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន មាត្រា១៣ ក៏បានចែងថា៖ សារព័ត៌មានមិនត្រូវបោះពុម្ភផ្សាយ ឬផ្សព្វផ្សាយនូវព័ត៌មានមិនពិតដែលជាការជេរប្រមាថ ការមើលងាយដល់ស្ថាប័នជាតិ។ ការផ្សាយបែបនេះអាចត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី២លានរៀលទៅ​១០លានរៀល។

នៅក្នុងមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានចែងថា៖ ត្រូវផាកពិន័យជាប្រាក់ពី៥លានរៀល ទៅ២០លានរៀលដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត ធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត …៕

អត្ថបទទាក់ទង