ក្រសួងអប់រំ និងក្រុមហ៊ុនចិន ចុះអនុស្សរណៈនៃការយោគយល់ស្ដីពី ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំ នៅកម្ពុជា
ដោយមើលឃើញពីការរីកចម្រើនលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៅកម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យា ២បានចុះអនុស្សរណៈនៃការយោគយល់ត្រីភាគីលើការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ក្នុងវិស័យអប់រំនៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមហ៊ុនដែលចុះអនុស្សរណៈនៃការយោគយល់នេះមាន ក្រុមហ៊ុន Tiawen Technology (Beijing) និងក្រុមហ៊ុន Huawei (Cambodia)។ ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំតាមរយៈការធ្វើទំនើបកម្មបែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីមានភាពងាយស្រួលដល់សិស្សានុសិស្ស និងសាធារណៈក្នុងការស្រាវជ្រាវ រៀន និងរស់នៅប្រកបដោយគុណភាព មានសម្បូរបែបក្នុងវិស័យបច្ចេកវិទ្យា។
ស្របតាមយុទ្ធសាស្ត្រផ្ដល់សេវាអប់រំ ប្រកបដោយសមធម៌ កាត់បន្ថយគម្លាតនៃការអប់រំ រវាងទីក្រុងនិងជនបទ ក្នុងវិស័យបច្ចេកវិទ្យា និងសារគមនាគមន៍ ក្នុងវិស័យអប់រំដើម្បីឲ្យមានស្ថេរភាព និងប្រសិទ្ធភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាក្នុងវិស័យអប់រំនៅកម្ពុជា។
ក្នុងនេះផងដែរក្រុមហ៊ុន បច្ចេកវិទ្យាទាំងនេះក៏មានកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍបបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំ ដោយផ្ដោតសំខាន់មាន ៦ ផ្នែកដូចជា៖
- ការអភិវឌ្ឍសៀវភៅសិក្សាគោល និងសម្ភារៈឧបទេសឌីជីថលពាក់ព័ន្ធមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងវិទ្យាសាស្ត្រស្របតាមកម្មវិធីសិក្សាក្រសួង
- ចូលរួមអភិវឌ្ឍ និងអនុវត្តប្រព័ន្ធស្វ័យសិក្សា (MOOCs)
- កសាងមជ្ឈមណ្ឌលទិន្នន័យអប់រំ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក
- លើកកម្ពស់គម្រោងសាលារៀនជំនាន់ថ្មី
- ការបោះពុម្ពសៀវភៅសិក្សាគោល
- និងការបណ្ដុះបណ្ដាលធនធានមនុស្សលើបំណិនបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍៕