ខ្មែរប៉ុស្ដិ៍ Close

សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការសមាគមអតីតយុទ្ធជន សម្ដេចធិបតី ណែនាំដល់អភិបាលខេត្តឱ្យផ្ដល់ដីសម្រាប់កសាង

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 139
សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការសមាគមអតីតយុទ្ធជន សម្ដេចធិបតី ណែនាំដល់អភិបាលខេត្តឱ្យផ្ដល់ដីសម្រាប់កសាង សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការសមាគមអតីតយុទ្ធជន សម្ដេចធិបតី ណែនាំដល់អភិបាលខេត្តឱ្យផ្ដល់ដីសម្រាប់កសាង

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១នៃសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់អភិបាលខេត្តត្រូវផ្ដល់ដីសម្រាប់កសាងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការ ព្រមទាំងសូមជួយធ្វើចលនាសប្បុរសជនតាមមូលដ្ឋានដើម្បីបន្តជួយដល់សមាគមអតីតយុទ្ធជនបន្ថែមទៀត។

ការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ការណែនាំរបស់សម្ដេចធិបតី ធ្វើឡើងក្រោយ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជម្រាបឱ្យដឹងថា ចំពោះការសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា គឺបានទទួលជំនួយសាងសង់ ហើយក៏កំពុងសាងសង់នៅតាមខេត្តមួយចំនួនហើយ ដោយនៅសល់១២ខេត្តទៀតដែលមិនទាន់មានដីសម្រាប់សាងសង់ស្នាក់ការ និងការឧបត្ថម្ភសាងសង់ស្នាក់ការនៅឡើយ។

ឆ្លើយតបនឹងតម្រូវការនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់អភិបាលខេត្តត្រូវផ្ដល់ដីសម្រាប់កសាងស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «សូមបណ្ដារាជធានី-ខេត្តសូមបន្តជួយផ្ដល់ដីដល់សមាគមអតីតយុទ្ធជនដើម្បីធ្វើស្នាក់ការ ព្រោះមិញថានៅសល់១២ខេត្ត។ ទីស្នាក់ការនេះ អត់យកទៅធ្វើទ្រព្យសម្បត្តិឯកឧត្តម គន់ គីម ទេ គឺធ្វើសម្រាប់ស្នាក់ការផ្ដល់សេវា និងទំនាក់ទំនងជូនអតីតយុទ្ធជន ហើយអតីតយុទ្ធជនគឺបន្តរហូត អ៊ំពូមីងនៅទីនេះនៅជាកងទ័ពនៅឡើយ តែទៅមុខនឹងក្លាយទៅជាអតីតយុទ្ធជនដូចគ្នាទេ»។

សម្ដេចធិបតីក៏បានណែនាំអភិបាលខេត្តជួយធ្វើចលនាសប្បុរសជនតាមមូលដ្ឋាន សម្រាប់ជួយទ្រទ្រង់ដល់សមាគមអតីតយុទ្ធជនទៀតផងដែរ ខណៈចំនួនអតីតយុទ្ធជនកាន់តែកើនឡើង ហើយមានតម្រូវការរៀងរាល់ខែរាល់ឆ្នាំ៕