ខ្មែរប៉ុស្ដិ៍ Close

៥ខែ ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង សម្រេចបាន ៣២៦លានដុល្លារ កើនឡើង ៧%

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 118
៥ខែ ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង សម្រេចបាន ៣២៦លានដុល្លារ កើនឡើង ៧% ៥ខែ ដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង សម្រេចបាន ៣២៦លានដុល្លារ កើនឡើង ៧%

បើយោងតាមតួរលេខផ្លូវការដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានទំហំទឹកប្រាក់ជាង ៣២៦លានដុល្លារអាមេរិក កើនឡើង ៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែល បានគូសបញ្ជាក់ថា អំឡុងពេល ៥ខែនេះ ប្រទេសកម្ពុជា សម្រេចបាននូវការនាំចេញទំនិញ ក្នុងទំហំទឹកប្រាក់ប្រមាណ ១២៨លានដុល្លារអាមេរិក ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលមានការកើនឡើង ១២% បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន ហើយទំនិញរបស់កម្ពុជា ដែលត្រូវបាននាំចេញ ភាគច្រើនជាផលិតផលកសិកម្ម សម្លៀកបំពាក់ កៅស៊ូ និងគ្រឿងបង្គុំអេឡិចត្រូនិក។

ដោយឡែក កូរ៉េខាងត្បូង ក៏បាននាំចេញផលិតផលសរុប ១៩៨លានដុល្លារអាមេរិក ទៅកាន់ទីផ្សារប្រទេសកម្ពុជា ដែលមានការកើនឡើង ៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២៣ ហើយផលិតផលសំខាន់ៗ ដែលនាំចូលពីកូរ៉េ មកកាន់កម្ពុជា រួមមាន រថយន្ត គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ និងឱសថជាដើម។

ជាក់ស្តែង ប្រទេសកូរ៉េខាងត្បូង ជាដៃគូពាណិជ្ជកម្មធំលំដាប់ទី១៤ របស់កម្ពុជា ហើយប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជិត ៦ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា សម្រេចការនាំចេញ-នាំចូលទំនិញទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ២១ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៣% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕