ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ៖ ទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវឈរលើគោលការណ៍ភាពជាអ្នកជិតខាងល្អ

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 458
ទស្សនៈ៖ ទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវឈរលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ទស្សនៈ៖ ទំនាក់ទំនងកម្ពុជា-វៀតណាម ត្រូវឈរលើគោលការណ៍ភាពជាអ្នកជិតខាងល្អ
គិតមកដល់ពេលនេះ ​ទំនាក់ទំនងការទូត​ផ្លូវការរវាងកម្ពុជា ​និងវៀតណាម មានអាយុកាល​៥៧​ឆ្នាំ​ហើយ។ ប្រទេសទាំងពីរបានបង្កើត​ទំនាក់ទំនងការទូត​ផ្លូវការជាមួយគ្នា​នៅថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ១៩៦៧។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០​គីឡូម៉ែត្រ និង​មាន​ទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ​ត្រូវបានចងភ្ជាប់ដោយ​ចំណង​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។
 
ទោះបីកម្ពុជា និងវៀតណាមទើបមានចំណងទំនាក់ទំនងការទូត​ផ្លូវការជាងកន្លះសតវត្សរ៍​កន្លង​មក​នេះ​ក្តី ប៉ុន្តែបើផ្អែក​តាម​ប្រវត្តិសាស្ត្រ ប្រទេសទាំងពីរមាន​ទំនាក់ទំនង​​​គ្នាជាយូរលង់មកហើយ ពោលគឺ​តាំងពី​សតវត្សរ៍ទី១៥ នៃគ្រិស្តសករាជមកម្ល៉េះ។ ​ក្នុងសម័យសង្គ្រាមត្រជាក់ ចំណងទំនាក់ទំនងរវាងប្រទេស​ទាំងពីរ​បានជាប់ពាក់ព័ន្ធគ្នាយ៉ាងស៊ីជម្រៅ ជាពិសេស ក្នុងចន្លោះទសវត្សរ៍ឆ្នាំ១៩៦០ និងទសវត្សរ៍​ឆ្នាំ​១៩៧០។ ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៨០ ដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០ ទំនាក់ទំនងរវាងប្រទេស​ទាំងពីរកាន់តែ​មាន​លក្ខណៈស៊ីជម្រៅ និងស្អិតល្មួត ដ្បិតប្រទេសទាំងពីរជាសហភាតរៈនៃរដ្ឋសង្គមនិយមដូចគ្នា។
 
ចាប់ពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក ទំនាក់ទំនងរវាងកម្ពុជា ​​និងវៀតណាមបានបោះជំហានចូលក្នុងរបត់​នយោបាយថ្មីមួយ ដែលក្នុងនោះ វៀតណាមនៅរក្សារបបនយោបាយសង្គម​និ​យមដដែល រីឯកម្ពុជាបាន​ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុ​បក្ស ហើយរបបរាជានិយមអាស្រ័យធម្មនុញ្ញត្រូវបាន​បង្កើត​ឡើងវិញ។ ទោះបីប្រទេសទាំងពីមានភាពខុសគ្នាលើប្រព័ន្ធនយោបាយក៏ពិតមែន តែទំនាក់ទំនងរវាង​ប្រទេស​ទាំងពីរមិនមានការប្រែប្រួលទេ ប៉ុន្តែកាន់តែត្រូវបានពង្រឹងនិងពង្រីកជាលំដាប់។
 
ក្នុងនាមជាប្រទេសបានធ្លាប់រងគ្រោះដោយសារសង្គ្រាម កម្ពុជាបានយកចិត្តទុកដាក់ខ្លាំង​ចំពោះ សន្តិភាព និងស្ថិរភាព ទាំងនៅក្នុងប្រទេស ក្នុងតំបន់ ​និងក្រៅតំបន់ និងបានប្តេជ្ញាចិត្តលើកកម្ពស់ការអភិវឌ្ឍ វិបុលភាព និង​គោលការណ៍បញ្ចសីលាសន្តិសហវិជ្ជមានក្នុងទំនាក់ទំនងអន្តរជាតិ។
 
ក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគីជាមួយ​វៀតណាម កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោល​នយោបាយ​​​ការបរទេសភាព​​ជាអ្នកជិតខាងល្អ ដោយពង្រឹងមិត្ត​ភាព និងពង្រីកកិច្ចសហប្រតិបត្តិកា​រ ​មិនត្រឹម​តែ​នៅក្នុងក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សារភ្ជាប់ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុង​វេទិកា​អន្តរជាតិ និង​តំបន់ទៀតផង។ ក្នុងវេទិកាតំបន់ ប្រទេសទាំងពីរបានផ្លាស់ប្តូរ​ទស្សនៈលើបញ្ហា​តំបន់ ​និង​អន្តរជាតិ ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេសទាំងពីរ។ ដោយឡែក វៀតណាមវិញ ជា​ក្របខណ្ឌ​គោល​នយោបាយ​ការបរទេសទ្វេភាគីជាមួយប្រទេ​សកម្ពុជា ក៏មិនសូវជាខុសពីកម្ពុជាប៉ុន្មាន​​ដែរ គឺវៀតណាមចាត់​ទុកកម្ពុជា​ជា​ប្រទេសជិតខាងមួយ ដែលទំនាក់ទំនងល្អត្រូវ​បានចាត់ទុកជា​អាទិភាព និងត្រូវពូនជ្រុំ។
 
ចំពោះមុខបរិបទផ្ទៃក្នុង និងខាងក្រៅ ទំនាក់ទំនងទ្វេភា​គី​រវាងប្រទេសទាំងពីរ កំពុងមានការអភិវឌ្ឍ​លើ​វិស័យ​ជាច្រើន។ កម្ពុជា និងវៀតណាមបានឯកភាពថា ការពង្រឹង និងលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាជាតិទាំងពីរ។ ជា​រួម​ទៅ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជា និងវៀតណាមចំពោះគ្នាទៅវិញទៅមក បានរំលេចឱ្យ​ឃើញ​​នូវភាពរឹងមាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
 
កម្ពុជា និងវៀតណាមបានពូនជ្រុំមិត្តភាព និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើទំនុកចិត្តខាងផ្នែក នយោបាយស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេស​ទាំងពីរមានការអភិវឌ្ឍរីកចម្រើនលើវិស័យជាច្រើន ហើយប្រទេសទាំងពីរយល់ឃើញថា ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរពិតជាមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ។ គោលនយោបាយការបរទេសទ្វេភាគីរបស់កម្ពុជា និងវៀតណាមចំពោះគ្នាទៅវិញទៅមកបង្ហាញឱ្យឃើញពី ភាពស៊ីជម្រៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
 
ទំនាក់ទំនងកម្ពុជា-វៀតណាមបន្តធ្វើពិពិធកម្មទាំងកម្រិតទ្វេភាគី និងពហុភាគី និងមានភាពរឹងមាំលើ​គ្រប់វិស័យដែលជាផលប្រយោជន៍រួម។ ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហារួមជាសាកល ពង្រីកទំនាក់​ទំនងនៅគ្រប់កម្រិត និងគ្រប់វេទិកា និងពង្រឹងការយោគយល់គ្នាទៅវិញទៅមកដែលនឹងធ្វើឱ្យប្រទេសទាំងពីរ អាចទទួលបាននូវសមិទ្ធផលធំធេងជាងមុនទាំងកម្រិតជាតិ និងកម្រិតសាកល។
 
ក្នុងការបង្ហាញគោលជំហរចំពោះគ្នាទៅវិញទៅមក មេដឹកនាំនៃប្រទេសទាំងពីរតែងតែសម្ដែងឱ្យ​ឃើញ​នូវការប្តេជ្ញាចិ​ត្តពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យរីកចម្រើនដល់កម្រិត​ខ្ពស់​ថ្មី​មួយទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់​ប្រជាជន និងប្រទេសទាំងពីរ។
 
រាជរដ្ឋាភិបាលថ្មី នៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្ត្រី​ នៅតែរក្សា​គោលនយោបាយការបរទេសភាពជាអ្នកជិតខាងល្អជាមួយ​វៀតណាម និង​ប្រទេស​ជិត​ខាងផ្សេងទៀត។ ក្នុងទស្សនទានកម្ពុជា ភាពជាអ្នកជិតខាងល្អ គឺជាយន្ដការដ៏មានប្រសិទ្ធភាពក្នុងការ​​​លើក​កម្ពស់ផល​ប្រយោជន៍រួម​​សម្រាប់​ប្រទេសជាតិជិតខាងគ្នា និងជំរុញឱ្យមានកិច្ចសហប្រតិបត្ដិការ​ដែល​ផ្ដល់​ផល​ប្រយោជន៍​ទៅវិញទៅមកលើ​គ្រប់វិស័យ។ ភាពជាអ្នកជិតខាងល្អ គឺជាមូលដ្ឋានគ្រឹះសម្រាប់​សន្ដិសុខ​​តំបន់ និងពិភព​លោក។
 
តំបន់ក៏ដូចជា​ពិភពលោកទាំងមូលនឹងមិនមានសន្ដិភាព​ទេ ប្រសិនបើប្រជាជាតិទាំងឡាយ ដែលនៅ​ជិតខាង​​គ្នាមាន​ជម្លោះនឹងគ្នា។ ដូច្នេះ វាជាការចាំបាច់ ដែលប្រទេសនៅជិតខាងគ្នា ត្រូវកសាងទំនុកចិត្ដគ្នា​ទៅវិញ​ទៅមក កាត់បន្ថយជាអតិបរិមា នូវភាពប្រទូសរ៉ាយដាក់គ្នា ហើយត្រូវបណ្ដុះស្មារតីវប្បធម៌សន្ដិភាព ការ​អភិវឌ្ឍប្រកប​ដោយនិរន្ដរភាព តុល្យភាព និងសុខដុមរមនានៅតាមព្រំដែន។ ការបង្កអារិភាព​ជាមួយ​ប្រទេសជិតខាង ​មិនបាននាំមកនូវផលប្រយោជន៍អ្វីទាំងអស់​សម្រាប់​ប្រទេសជាតិ​នីមួយៗ ក្រៅតែពីការបង្ក​អសន្ដិសុខ និងការរាំងស្ទះដល់ការអភិវឌ្ឍ។
 
ដោយឈរលើគោលការណ៍ និងទស្សនទានខាងលើ គោលនយោបាយការបរទេសកម្ពុជា​ចំពោះ​វៀតណាម គឺផ្អែកលើគោលការណ៍ភាពជាអ្នកជិតខាងល្អ ការកសាង​មិត្ដភាព​​ជិតស្និទ្ធ​ជា​ប្រពៃណី ការជឿទុក​ចិត្តគ្នា​ទៅវិញទៅមក កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយម៉ឺងម៉ាត់ និង​តាមរយៈការចរចាដោយសន្ដិវិធីដោយចៀសវាងដាច់ខាតនូវដំណោះស្រាយដោយប្រើកម្លាំង។ ទំនាក់ទំនង​ល្អរវាង​កម្ពុជា និងវៀតណាម មិនត្រឹមតែផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ​ប៉ុណ្ណោះទេ ប៉ុន្តែថែ​មទាំង​រួម​ចំណែក​ជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព​នៅក្នុង​តំបន់​និង​​លើពិភព​លោក​ផងដែរ។
 
ដោយឈរលើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ ការពង្រឹងទំនាក់​ទំនងនិង​កិច្ចសហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ពិតជាមានសារៈសំខាន់មិនអាចខ្វះបាន​។ ដូច្នេះ ប្រទេស​​​ទាំង​​ពីរត្រូវបន្តរួមរស់ជាមួយគ្នាដោយសុខសន្តិភាព គោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាព​ទឹកដី​ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ដោះស្រាយបញ្ហាដោយសន្តិវិធី និងសហប្រតិបត្តិការ​លើ​គ្រប់វិស័យដែលមានផលប្រយោជន៍ទាំងសង​ខាង ឱ្យសក្តិសមនឹងបាវចនានៃទំនាក់ទំនងដែលប្រទេស​ទាំងពីរ​​បាន​អនុម័ត​គឺ «​ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងឋិតថេរ​យូរអង្វែង» រវាងប្រទេសទាំងពីរនាពេលអនាគត។
 
ជាមួយនឹងបាវចនាខាងលើ យើងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ​សម្រាប់សតវត្សរ៍​ខាងមុខ នឹងបន្តរីកចម្រើនកាន់តែទូលំទូលាយគ្រប់​ជ្រុង​ជ្រោយ កាន់តែ​ស៊ីជម្រៅ កាន់តែ​មានប្រសិទ្ធភាព​ និងកាន់តែល្អប្រសើរឡើងថែមទៀត៕
 
ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា (ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)

អត្ថបទទាក់ទង