ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គូសរំលេចពីសមិទ្ធផលសំខាន់ៗចំនួន៣ ដែលក្រសួងមុខងារសាធារណៈសម្រេចបានក្នុងរយៈពេល៩ខែ នៃរាជរដ្ឋាភិបាលនីតិកាលទី៧

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 95
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គូសរំលេចពីសមិទ្ធផលសំខាន់ៗចំនួន៣ ដែលក្រសួងមុខងារសាធារណៈសម្រេចបានក្នុងរយៈពេល៩ខែ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី គូសរំលេចពីសមិទ្ធផលសំខាន់ៗចំនួន៣ ដែលក្រសួងមុខងារសាធារណៈសម្រេចបានក្នុងរយៈពេល៩ខែ នៃរាជរដ្ឋាភិបាលនីតិកាលទី៧

ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដោយមានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន សន្និសីទសារព័ត៌មាននេះ ធ្វើឡើងនៅក្នុងគោលបំណងបង្ហាញ វឌ្ឍនភាពការងារសំខាន់ៗរបស់ក្រសួងមុខងារសាធារណៈ ដែលសម្រេចបានក្នុងរយៈពេល៩ខែកន្លងមក និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្នុងរយៈពេល៩ ខែកន្លងមកនេះ ក្រសួងមុខងារសាធារណៈ បានខិតខំអនុវត្តការងាររបស់ខ្លួនលើផ្នែក៖ ១, ការអនុវត្តមុខងារស្នូលរបស់ក្រសួងក្នុងការគ្រប់គ្រង និងអភិវឌ្ឍមុខងារសាធារណៈ ។ ២, ការកែទម្រង់ រដ្ឋបាលសាធារណៈ និង៣, ការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានពន្យល់ថា ក្រសួងមុខងារសាធារណៈ ធានាបាននូវការបើកប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិលជាទៀងទាត់ ២ ដងក្នុង ១ខែ, ការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការគ្រប់គ្រងស្ថានភាពរដ្ឋបាល មន្ត្រីរាជការស៊ីវិល ដូចជាការគ្រប់គ្រងកម្មសិក្សា, ការតាំងស៊ប់, ការតែងតាំង, ការផ្ទេរ, ការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ, ការដាក់ឱ្យចូលនិវត្តន៍, ការដាក់វិធានការវិន័យ ជាដើម។ បន្ថែមលើនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំទាន់ពេលវេលាក្នុងការដំឡើងប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់ដំណាច់មុខងារជូនមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដំឡើងប្រាក់កម្រៃ ប្រចាំខែជូនមន្ត្រីកិច្ចសន្យាផងដែរ។

ទន្ទឹមនឹងនោះ ក្រសួងមុខងារសាធារណៈ បានរៀបចំដំណើរការផ្ទៃក្នុងរបស់ក្រសួងជាបន្តបន្ទាប់ឱ្យកាន់តែល្អប្រសើរបន្ថែមទៀតដូចជា ការកែលម្អយន្តការការងារផ្ទៃក្នុងរបស់ក្រសួង និងពង្រឹងសមត្ថភាពស្ថាប័ន ដោយបានរៀបចំរចនាសម្ព័ន្ធអង្គភាព និងយន្តការប្រតិបត្តិ ពង្រឹងប្រសិទ្ធភាពការងារ តាមរយៈប្រព័ន្ធគ្រប់គ្រងវត្តមាន របបប្រជុំ និងរបៀបរបប អនុវត្តការងារប្រចាំថ្ងៃ ការលើកទឹកចិត្តដល់មន្ត្រី និងអង្គភាពតាមរយៈកម្មវិធីសំខាន់ៗ។

ដោយឡែក សម្រាប់សមិទ្ធផលទី២ ក្នុងក្របខណ្ឌនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈក្នុងនាមលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បាន ដឹកនាំការអនុវត្តវិធានការគន្លឹះចំនួន៣គឺ៖ ១, ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ២, ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារ និង៣, ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា សមិទ្ធផលការងារដែលគួរកត់សម្គាល់លើក្របខណ្ឌកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីបម្រើការ តាមបណ្តាក្រសួង ស្ថាប័ន ចំនួន៦លើក ដោយបានជ្រើសរើសបេក្ខជនសរុបចំនួន ៩៧៥នាក់ និងកំពុងដំណើរការជ្រើសរើសជាបន្តបន្ទាប់។

សមិទ្ធផលទី៣ គឺការអនុវត្តមុខងារស្នូលរបស់ក្រសួងក្នុងការគ្រប់គ្រង និងអភិវឌ្ឍមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារស្នូលប្រចាំថ្ងៃ គឺការវិភាគមុខងារក្រសួង ស្ថាប័ន និងការដាក់នៅអនុវត្ដពន្ធលើកទឹកចិត្ត គាំទ្រសមិទ្ធកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ថា ក្នុងក្របខណ្ឌគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.ស.) ក្រសួងមុខងារសាធារណៈ បាននិងកំពុងរៀបចំសេចក្តីព្រាងកម្មវិធីជាតិ កែទម្រង់រដ្ឋបាលសាធារណៈ ២០២៤-២០៣៥ រួមទាំងកំពុងជំរុញក្រសួង ស្ថាប័នឱ្យរៀបចំការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដែលជាវិធានការគន្លឹះទី២ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ច្បាស់លាស់របស់ក្រសួង ស្ថាប័ន នឹងអនុញ្ញាតឱ្យក្រសួង ស្ថាប័នអាចបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារតាមរយៈការប្រើប្រាស់ធនធានថវិកា ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព ចំគោលដៅ ចំទីកន្លែង ស្របតាមតួនាទី ភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ។ ភាពជោគជ័យនៃការវិភាគមុខងាររបស់ក្រសួង ស្ថាប័ន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការពង្រឹងភាពធន់ និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ច របស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ឱ្យបានជោគជ័យឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០៕

អត្ថបទទាក់ទង