ការរើសអើង ៤ ចំណុចចំពោះអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា
បច្ចុប្បន្នមានបញ្ហាប្រឈម៤ប្រភេទ កំពុងកើតមានចំពោះក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា ដែលនេះផ្ទុយពីសេចក្ដីប្រកាស ជាសកលស្ដីពីសិទ្ធិមនុស្ស។
តួលេខក្នុងឆ្នាំ២០១៨ អ្នកស្រលាញ់ភេទដូចគ្នា មានចំនួនប្រមាណ១០ម៉ឺននាក់ ចំនួននេះគឺរាប់បញ្ចូលទាំងក្រុមដែលបានរស់នៅបញ្ចេញ និងក្រុមដែលលាក់អត្តសញ្ញាណ។ នេះបើតាមប្រភពពីអង្គការធ្វើការជាមួយអ្នកស្រលាញ់ភេទដូចគ្នា នៅកម្ពុជា។
លោក ស្រ៊ុន ស្រ៊ន ស្ថាបនិក នៃអង្គការអនាគតយុវជនកម្ពុជា បានប្រាប់ថា សព្វថ្ងៃអ្នកស្រលាញ់ភេទដូចគ្នាហ៊ានចេញមុខជាងមុន ជាហេតុធ្វើឲ្យឃើញចំនួនដល់ទៅ១០ម៉ឺននាក់។ ភាគច្រើនពួកគេហ៊ានបង្ហាញអត្តសញ្ញាណជាងមុន ដោយគិតថាអាចមានការទទួលស្គាល់។
ផ្ទុយស្រលះ គឺក្រុមនេះនៅតែប្រឈម៤ចំណុច ដូចខាងក្រោម។
១. គំនាបគ្រួសារ
វាជារឿងលំបាក ព្រោះគ្រួសារខ្មែរ១ភាគធំ គឺមិនអាចទទួលយកបាន ឬមិនគាំទ្រដាច់ខាត កាលបើកូនខ្លួន ឬសាច់ញាតិខ្លួនមាននិស្ស័យ ឬអារម្មណ៍លើភេទដូចគ្នា បើទោះដឹងថា នេះគឺជាកត្តាធម្មជាតិ។ ចំណុចនេះ អាណាព្យាបាលក្រោយដឹងហើយ គឺរកគ្រប់វិធីសាស្ត្រ ដោយចាប់បង្ខំ ក្រោមរូបភាពឲ្យរៀបការជាមួយមនុស្សភេទផ្ទុយគ្នា។
ឧទាហរណ៍ ករណីស្រីស្រលាញ់ស្រី គឺគ្រួសារតែងព្យាយាមបំបែក និងបង្ខំឲ្យរៀបការជាមួយបុរសណាម្នាក់។ ករណីតិចតួចបានជោគជ័យ រីឯបរាជ័យបានកើតមាន និងបង្កជាបញ្ហាជាច្រើន ដូចជាក្រុមស្រលាញ់ភេទដូចគ្នា ត្រូវរស់នៅក្រៅសង្គម មិនមានឱកាសត្រឹមត្រូវ និងគ្មានជីវិតឯករាជ្យ ប្រឈមនឹងការប្រព្រឹត្តិអំពើខុសឆ្គង។
(រូបតំណាង)
២. ទទួលរងសំពាធផ្លូវចិត្ត និងសុខភាព
អ្នកស្រលាញ់ភេទដូចគ្នា មានចែកជា២ប្រភេទ គឺក្រុមស្រីស្រលាញ់ស្រី និងក្រុមប្រុស ស្រលាញ់ប្រុស។ ការរើសអើង បាននាំឲ្យមានបញ្ហាពិបាកជាច្រើន ក្នុងសំខាន់១គឺសុខភាព និងគំនាបផ្លូវចិត្ត។ លោក ស្រ៊ុន ស្រ៊ន បានលើកឡើងថា បច្ចុប្បន្នមានក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងបានសម្រេចរស់នៅជាប្ដីប្រពន្ធជាង ៦ ០០០គូ។ ទំនាក់ទំនងស្នេហាខ្លះ បានរស់នៅជាមួយគ្នាយូររហូតដល់ ៣០ ទៅ៤០ឆ្នាំ។
ដោយការរើសអើង និងចំណេះដឹង មានអ្នកខ្លះបានបង្ខំចិត្ត ចាក់បញ្ចូលសារធាតុនានា ដើម្បីបំបាត់ដើមទ្រូង ឬការចាក់អ័រម៉ូន កែប្រែសរីរាង្គផ្សេងទៀត ដើម្បីឲ្យមើលទៅមានរូបរាងជាមនុស្សប្រុស ឬស្រីពិត។ ករណីនេះធ្ងន់ធ្ងរខ្លាំង មានអ្នកខ្លះបានស្លាប់បាត់បង់ជីវិត ដោយសារទៅរកកន្លែងគ្មានជំនាញ។
៣. ឱកាសការងារ តូចចង្អៀត ឬគ្មានតែម្ដង
ជាការពិត បើមើលតាមការប្រកាសរើសបុគ្គលិក គឺតែងតែបញ្ជាក់ថា ត្រូវការបុគ្គលិកទាំង២ភេទ ប្រុស និងស្រី មិនដែលមានទេ ត្រូវការបុគ្គលិក ជាភេទទី៣។ ចំណុចនេះ ស្ថាបនិក នៃអង្គការអនាគតយុវជនកម្ពុជា បន្តថា ជាការរើសអើង១ បើទោះក្រុមភេទទី៣ មានសមត្ថភាពយ៉ាងណា ក៏គ្មានឱកាសដែរ។ នេះជាហេតុឲ្យពួកគេ រស់នៅលាក់មុខ ប្រសិនបើគេបានដឹងរឿងពិត គឺប្រឈមនឹងការបាត់បង់ការងារទៅវិញក៏មាន។ ករណី១ ដែលតាមលោកធ្លាប់ដឹង គឺមានកន្លែងឯកជន១ នៅជាយក្រុងភ្នំពេញ បានសរសេរលើក្ដារព័ត៌មាន ថារើសបុគ្គលិកស្រី ឬប្រុស មិនរើសខ្ទើយ!
៤. សេវាជំនួយផ្លូវច្បាប់
ក្រុមអ្នកស្រលាញ់ភេទដូចគ្នាប្រឈមនឹងការប្រើហិង្សា ការរំលោភសិទ្ធិ ឬរូបរាងកាយ។ លោក ស្រ៊ុន ស្រ៊ន តាមរយៈទំព័រ Facebookដ៏សកម្ម១ ដែលផ្ដល់សេវាប្រឹក្សាភេទដូចគ្នា បានរកឃើញថា ពេលមានបញ្ហាទាក់ទងច្បាប់ គឺមិនសូវមានការខ្វាយខ្វល់ និងរកដំណោះស្រាយ ទោះបីក្រុមភេទដូចគ្នា បានប្ដឹងផ្ដល់ហើយក៏ដោយ។ លោកថា បើមានប្រព័ន្ធច្បាប់ច្បាស់លាស់សម្រាប់ក្រុមស្រលាញ់ភេទដូចគ្នា ឬហៅថា LGBT អាចនឹងងាយស្រួលគ្រប់គ្រង។
(រូបតំណាង)
ទាក់ទងនឹងបញ្ហាប្រឈមទាំង៤ខាងលើ លោក ស្រ៊ុន ស្រ៊ន ស្ថាបនិក នៃអង្គការអនាគតយុវជនកម្ពុជា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រុមការងារលោក កំពុងស្នើសុំគោលការណ៍មិនឲ្យរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ទៅកាន់ស្ថាប័នពាក់ព័ន្ធ ព្រោះស្រុកយើងមិនទាន់មានគោលការណ៍នេះ នៅឡើយ។
តាមរយៈគេហទំព័ររបស់ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស កម្ពុជា (ការិយាល័យ OHCHR) បានចុះផ្សាយថា ស្ថិតក្រោមច្បាប់ជាតិ និងច្បាប់អន្តរជាតិ បុគ្គលគ្រប់រូប រាប់ទាំងមនុស្សស្រីស្រលាញ់ភេទដូចគ្នា មនុស្សប្រុស ស្រលាញ់ភេទដូចគ្នា មនុស្សស្រលាញ់ភេទពីរ និងមនុស្សប្ដូរភេទ (មនុស្សស្រលាញ់ភេទដូចគ្នា) មានសិទ្ធិទទួលបានសិទ្ធិដូចបុគ្គលដទៃទៀតដែរ។
(សាររបស់អង្គការសហប្រជាជាតិ)