ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ធំ ជំរុញដល់មន្ត្រីជំនាញខិតខំបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមនានា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 91

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រចាំខែមេសា ដើម្បីផ្តល់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែរាយការណ៍ដោយឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត ស្តីពីការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ច ជាពិសេសបញ្ហព្រៃឈើ បញ្ហាដីធ្លី ដែលកំពុងកើតឡើងនៅតាមមូលដ្ឋាន ភូមិ ឃុំ រួចមក បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
១. បញ្ហាដីធ្លី៖ ជម្លោះដីធ្លី សូមឱ្យអាជ្ញាធរក្រុង-ស្រុកនីមួយៗ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើបញ្ជីបច្ចុប្បន្នភាព ករណីទំនាស់ទាំងអស់ក្នុងដែនដីនីមួយៗរបស់ខ្លួនបញ្ជូនមករដ្ឋបាលខេត្ត ហើយជាពិសេសរដ្ឋបាលក្រុង-ស្រុកនីមួយៗ ត្រូវខិតខំដោះស្រាយវិវាទដីធ្លីទាំងនោះ ក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយភាពយុត្តិធម៌ និងតម្លាភាពប្រកបដោយបរិយាប័ន្ន។

២. បញ្ហបទល្មើសធនធានធម្មជាតិ៖ រដ្ឋបាលក្រុង-ស្រុកនីមួយៗ ត្រូវធ្វើការណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឱ្យគាត់ទៅចូលទន្ទ្រានដីព្រៃ ដីសហគមន៍ ដីតំបន់បី ឬដីបរិស្ថាន ឬតំបន់ការពារផ្សេងៗ និងចាត់វិធានការចំពោះមេខ្យល់ឱ្យបាន។

៣. អាជ្ញាធរមូលដ្ឋាន ត្រូវណែនាំបងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើងផ្សែង នារដូវក្ដៅនេះ និងកម្លាំងពន្លត់អគ្គិភ័យ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ជានិច្ចជៀសវាងពេលប្រតិបត្តិការ បែរជាអត់មានទឹក៕

អត្ថបទទាក់ទង