ខ្មែរប៉ុស្ដិ៍ Close

ក្រសួងផែនការ បដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំពាក់ព័ន្ធនឹងបណ្ណសមធម៌

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 66

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រសួងផែនការ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីពិនិត្យឃើញថា មានជនអនាមិកមួយចំនួនបានបង្ហោះផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ និងមិនប្រក្រតីមួយចំនួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook) តេឡេក្រាម (Telegram) និងបណ្តាញសង្គមផ្សេងៗពាក់ព័ន្ធនឹងបណ្ណសមធម៌ ក្នុងគោលបំណងក្លែងបន្លំ បំភ្លៃព័ត៌មាន និងបោកបញ្ឆោតធ្វើឱ្យមានការភាន់ច្រឡំដល់មតិសាធារណជន ជាពិសេសប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងពាក់ស្នែងនៃខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋក្រុមគោលដៅទូទាំងប្រទេស។

ជាក់ស្តែង ព័ត៌មានដែលបានបង្ហោះផ្សព្វផ្សាយនោះមានខ្លឹមសារជាភាសាអង់គ្លេសថា «Public IDPoor for Khmer: Register yourself to be a recipient of government social assistance. Register immediate.» និងភាសាខ្មែរថា «ប្រជាជនកម្ពុជាទាំងអស់អាចចុះបញ្ជីក្នុងប្រព័ន្ធជំនួយសង្គមដោយខ្លួនឯង ដើម្បីទទួលអត្ថប្រយោជន៍ផ្សេងៗពីប្រព័ន្ធជំនួយសង្គម»។ ក្នុងរូបផ្សព្វផ្សាយនោះមានរូបមនុស្សស្រីកាន់បណ្ណសមធម៌ និងស្លាកសម្គាល់ (Logo) របស់ក្រសួងផែនការ ធនាគារ ABA ធនាគារអេស៊ីលីដា និងក្រុមហ៊ុន Cambodia Angkor Air និងចំនួនទឹកប្រាក់ ២៥០០$ ទៀតផង។

ដោយបានឃើញការផ្សព្វផ្សាយនេះ ក្រសួងផែនការ បានបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មាននេះ និងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ទៅលើជនខិលខូចខាងលើ។ ជាមួយគ្នានេះដែរ ក្រសួង បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណមតិឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងបន្លំខាងលើ។

ទន្ទឹមនឹងនេះដែរ ក្រសួងផែនការ បានគូសបញ្ជាក់ថា ដើម្បីទទួលបានបណ្ណសមធម៌ ប្រជាពលរដ្ឋគ្រប់រូបដែលគិតថា ខ្លួនមានការលំបាកផ្នែកជីវភាព ត្រូវទៅដាក់ពាក្យស្នើសុំសម្ភាសន៍កំណត់អត្តសញ្ញាណគ្រួសារក្រីក្រនៅសាលាឃុំ សង្កាត់ ហើយក្រុមការងារឃុំសង្កាត់ នឹងអនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់គ្រួសារនោះ ហើយក្រសួងផែនការនឹងចេញបណ្ណសមធម៌ជូនគ្រួសារដែលលទ្ធផលនៃការសម្ភាសន៍បង្ហាញថា បានជាប់ជាគ្រួសារក្រីក្រ។ ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងកម្មវិធីជំនួយសង្គមផ្សេងៗ គឺមិនមែនជាភារកិច្ច និងការទទួលខុសត្រូវរបស់ក្រសួងផែនការឡើយ៕

អត្ថបទទាក់ទង