ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្ដក្រចេះ ដាក់ចេញវិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 137

រដ្ឋបាលខេត្ដក្រចេះ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងស្ដីពីវិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិ សាស្ត្រខេត្តក្រចេះ បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗបានចូលទៅកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដក្រចេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត បានសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ បានចូលទៅកាប់ទន្ទ្រាន ដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ចាប់តាំងពីឆ្នាំ២០១៩មក ដែលសកម្មភាពនេះជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ទោះបីជារដ្ឋបាលខេត្ត ផ្នែកជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក្តី ក៏នៅមានប្រជាពលរដ្ឋបន្តការចូលកាប់គាស់ រុករាន ទន្ទ្រានដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុំព័ទ្ធ និងទាមទារស្នើសុំឱ្យអាជ្ញាធរវាស់វែង ដើម្បីបានប្រើប្រាស់អាស្រ័យផលស្របច្បាប់ថែមទៀត។

រដ្ឋបាលខេត្ដក្រចេះ បានគូសបញ្ជាក់ថា ដើម្បីបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់ដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារ ធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តក្រចេះ បានដាក់ចេញនូវវិធានការចំនួន៥ដូចជា៖
១, មោឃភាពចោលនូវរាល់លិខិតលក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ។
២, ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃដែលបានកាប់គាស់ រុករាន ទន្ទ្រានដាំដំណាំ សង់លំនៅដ្ឋាន ធ្វើរបងហ៊ុំព័ទ្ធក្នុងតំបន់ការពារធម្មជាតិ។
៣, ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង ធ្វើរបងហ៊ុំព័ទ្ធ និងដាំដំណាំដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ គឺជាបទល្មើសធនធានធម្មជាតិ ដែលមានចែងក្នុងមាត្រា៦១ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។
៤, អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវជួយផ្សព្វផ្សាយ និងចូលរួមបញ្ឈប់ជាបន្ទាន់នូវការចូលកាប់ ទន្ទ្រានឈូសឆាយដីព្រៃ ដាំដំណាំ សាងសង់ផ្ទះ ខ្ទម រោង ធ្វើរបងហ៊ុំព័ទ្ធ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការចូលរស់នៅ កាន់កាប់ ដោយត្រូវរុះរើដោយវិធានការរដ្ឋបាល ឬដោយការស្ម័គ្រចិត្ត ។
៥, ក្នុងករណីមិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្រុកពាក់ព័ន្ធនឹងចាត់វិធានការអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទទាក់ទង