ខ្មែរប៉ុស្ដិ៍ Close

មន្ទីររៀបចំដែនដីខេត្ដកំពង់ចាម ចេញសេចក្ដីបំភ្លឺជុំវិញករណីផ្ទេរសិទ្ធិកាន់កាប់ដីជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 42

បន្ទាប់ពីមានការផ្សព្វផ្សាយ និងអត្ថាធិប្បាយផ្សេងៗដោយពុំបានដឹងពីសារបានពិត នៃមូលហេតុក្នុងការដែលរាជរដ្ឋាភិបាលសម្រេចធ្វើអនុប្បយោគ និងការផ្ទេរសិទ្ធិកាន់កាប់ដី ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម បានចេញសេចក្ដីបំភ្លឺចំនួន៣ចំណុច ដើម្បីបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មាន បានជ្រាប រួមមាន៖

១, ដីនេះ ដើមឡើយមានទំហំធំជាងនេះ និងជាកម្មសិទ្ធិកាន់កាប់របស់គណៈកម្មាធិការគណបក្សប្រជាជន កម្ពុជា ខេត្តកំពង់ចាម តាំងពីឆ្នាំ១៩៩៨ រហូតមក ដោយមានប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ៤ជំនាន់បន្តបន្ទាប់គ្នាកាន់កាប់ពុំដែលដាច់។

២, នៅឆ្នាំ២០១៧ មានការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ហើយនៅពេលនោះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ពុំបានផ្តល់ឯកសារមកក្រុមការងារវាស់វែងសម្រាប់ធ្វើការចុះបញ្ជីឡើយ ដោយមូលហេតុអ្នកកាន់ឯកសាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម មានបញ្ហាសុខភាព ជាហេតុធ្វើឲ្យក្រុមការងារវាស់វែងពុំបានដឹង និងយល់ច្រឡំថាដីនេះ ជាដីសាធារណៈរបស់រដ្ឋ។ ស្របពេលជាមួយគ្នា ដើម្បីការពាររក្សាដីនោះពីការទន្ទ្រានកាន់កាប់ពីជនមួយចំនួនផង ក្រុមការងារក៏បានសម្រេចធ្វើការវាស់វែងនិងធ្វើការចុះបញ្ជីជាដីរដ្ឋក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ចាមតែម្តង។

៣, នៅឆ្នាំ២០២៣ តបតាមការស្នើសុំរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ដោយមានឯកសារប្រវត្តិកាន់កាប់ដីដូចបានបញ្ជាក់ជូនខាងលើច្បាស់លាស់ មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គណៈកម្មាធិការសុរិយោដីខេត្ត គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ បានពិនិត្យឃើញថាពិតជាមានការភ័ន្តច្រឡំក្នុងការចុះបញ្ជីពិតមែន និងបានស្នើសុំទៅរដ្ឋាភិបាលផ្ទេរសិទ្ធិកាន់កាប់ដីទំហំ៩៣.២២៤ ម៉ែត្រការ៉េ នេះ មកជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម វិញ៕

អត្ថបទទាក់ទង