ខ្មែរប៉ុស្ដិ៍ Close

ក្រសួងពាណិជ្ជកម្មបានណែនាំអំពីការផ្គត់ផ្គង់ ទិញ-លក់ប្រេងឥន្ធនៈឱ្យមានប្រសិទ្ធភាព និងការចែកចាយប្រកបដោយសមធម៌

ដោយ៖សូ សែនឬទ្ធា | 2 ម៉ោងមុន ព័ត៌មានទូទៅ 36
ក្រសួងពាណិជ្ជកម្មបានណែនាំអំពីការផ្គត់ផ្គង់ ទិញ-លក់ប្រេងឥន្ធនៈឱ្យមានប្រសិទ្ធភាព និងការចែកចាយប្រកបដោយសមធម៌ ក្រសួងពាណិជ្ជកម្មបានណែនាំអំពីការផ្គត់ផ្គង់ ទិញ-លក់ប្រេងឥន្ធនៈឱ្យមានប្រសិទ្ធភាព និងការចែកចាយប្រកបដោយសមធម៌

យោងតាមសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្មស្តីពីការធានាប្រក្រតីភាពនៃការផ្គត់ផ្គង់ ទិញ-លក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មបានណែនាំអំពីការផ្គត់ផ្គង់ ទិញ-លក់ប្រេងឥន្ធនៈសម្រាប់បំពេញតម្រូវការចាំបាច់ដោយការទទួលខុសត្រូវខ្ពស់ដើម្បីបន្តធានាដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យមានប្រសិទ្ធភាព និងការចែកចាយប្រកបដោយសមធម៌ដូចខាងក្រោម៖

១. ចំពោះស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ

-សូមចូលរួមសហការ ដោយធ្វើការជូនដំណឹងដល់ ក្រសួងរ៉ែ និងថាមពល និង/ឬក្រសួងពាណិជ្ជកម្ម និង/ឬមន្ទីររ៉ែ ថាមពល និង/ឬមន្ទីរពាណិជ្ជកម្ម ឬតាមរយៈប្រព័ន្ធទំនាក់ខាងក្រោម អំពីបញ្ហាប្រឈម និងការលំបាកនានាក្នុងការទទួលបាននូវ ប្រភពប្រេងឥន្ធនៈ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចអាចជួយសម្របសម្រួល និងដោះស្រាយការផ្គត់ផ្គង់បានទាន់ពេលវេលា

– ត្រូវធានាសុវត្ថិភាពដល់អតិថិជន ពេលចាក់លក់ផ្ទាល់ពីដៃចំពួយបាញ់ប្រេងទៅក្នុងមធ្យោបាយផ្ទុកបីដុង/កាន និងត្រូវជៀសវាង ការចាក់បំពេញប្រេងឥន្ធនៈក្នុងមធ្យោបាយផ្ទុកប៊ីដុង/កានស្តុកទុកជាមុនសម្រាប់លក់ និងដែលជាហេតុបង្កហានិភ័យខ្ពស់ អាចធ្វើឱ្យឆាបឆេះ និងប៉ះពាល់បរិមាណ-គុណភាពប្រេងឥន្ធនៈ

ស្ថានីយ និងដេប៉ូ ត្រូវផ្គត់ផ្គង់ប្រេងឥន្ធនៈតាមបរិមាណបញ្ជាក់លើកាតចេញដោយក្រុមហ៊ុន ដែលអ្នកប្រើប្រាស់មានស្រាប់

២. ចំពោះអតិថិជនជាប្រជាពលរដ្ឋ ក្នុងសហគមន៍ ឬកសិដ្ឋានដែលមានតម្រូវការពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម និងភស្តុភារកម្ម

សូមចូលរួមសហការ ដោយធ្វើការជូនដំណឹងទាន់ពេលវេលាអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ខ្លួន ទៅកាន់អាជ្ញាធរ មូលដ្ឋាន ជាពិសេសមន្ត្រីកសិកម្មឃុំ និង/ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬមកក្រសួង ដើម្បីអាចទទួលបានការ វាយតម្លៃ និងសម្របសម្រួលរកប្រភពផ្គត់ផ្គង់ប្រេងឥន្ធនៈស្របតាមតម្រូវការចាំបាច់ជាក់ស្តែងទាំងនោះ

– សូមប្រើប្រាស់មធ្យោបាយផ្ទុកប៊ីដុង/កាន ក្នុងកម្រិតចំណុះ ដែលមានសុវត្ថិភាព និងធានាការពារកុំឱ្យមានហានិភ័យ ឆាបឆេះ ធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬអាយុជីវិតផ្ទាល់ខ្លួន និងការរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន

– សូមចូលរួមសហការ តាមរយៈការសន្សំសំចៃ និងប្រើប្រាស់ប្រេងឥន្ធនៈចំពោះតែសកម្មភាពដែលបម្រើតម្រូវការចម្បង ក្នុងការរក្សាដំណើរការចាំបាច់នៃសេដ្ឋកិច្ច-ពាណិជ្ជកម្ម។

មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែ និងថាមពល និងអាជ្ញាធរមានសមត្ថកិច្ចតាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាពនៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ រួមទាំងអនុវត្តច្បាប់ចំពោះបុគ្គលខិលខូចណាដែលកេងប្រវ័ញ្ច និងឆ្លៀតឱកាសដំឡើងថ្លៃដែលបង្កផលប៉ះពាល់ដល់សាធារណៈ៕

អត្ថបទទាក់ទង