ខ្មែរប៉ុស្ដិ៍ Close

ក្រោយមានករណីកាប់ព្រៃទន្ទ្រានយកដីរដ្ឋ និងសង់ខ្ទមយកដីជាបន្ដបន្ទាប់ ពេលនេះរដ្ឋបាលឃុំកណ្ដោល ប្រកាសដាក់ថ្ងៃកំណត់ រុះរើខ្ទមនោះចេញជាបន្ទាន់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 114

រដ្ឋបាលឃុំកណ្ដោល នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានកាប់ព្រៃ បង្គោលព្រំនិងសាងសង់ខ្ទមអានាធិបតេយ្យនៅលើទីតាំងដីបម្រុងសាធារណៈរបស់រដ្ឋ ស្ថិតនៅ ក្នុងភូមិសាស្ត្រ ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានបំណងយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ត្រូវរើខ្ទមរបស់ខ្លួនជាបន្ទាន់ដោយខ្លួនឯង។

យោងតាមសេចក្ដីជូនដំណឹងនេះដែរ រដ្ឋបាលឃុំកណ្ដោល បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានកាប់ព្រៃទន្ទ្រានយកដីរដ្ឋ និងសង់ខ្ទម លើដីដែលបានកាត់ចេញពីអនុក្រឹត្យ២៦៨ អនក្រ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ នៃតំបន់ ប្រើប្រាស់ច្រើនយ៉ាងដងពែងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបូទុមសាគរ ខេត្តកោះកុង សម្រាប់ផ្តល់គោលនយោបាយបែងចែកជូនប្រជាពលរដ្ឋក្នុងភូមិប្រលាន និងភូមិតាំកន់។ កន្លងមកឃើញថាក្នុងភូមិសាស្ត្រភូមិទាំង ៥ នៃឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាពិសេសភូមិតាំកន់ មានការកាប់ព្រៃបោះបង្គោលព្រំ និង សង់ខ្ទមទន្ទ្រានយកដីសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

រដ្ឋបាលឃុំកណ្ដោល បញ្ជាក់ថា ដើម្បីជៀសវាងការកើតទំនាស់ និងការប្រឈមមុខនិងផ្លូវច្បាប់ សូមបងប្អូនប្រជាពលរដ្ឋដែលបានកាប់ព្រៃបោះបង្គោលរបងទន្ទ្រានយកដី និងសាងសង់ខ្ទមអាណាធិបតេយ្យ ត្រូវរុះរើចេញដោយខ្លួនឯងដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃ ទី០៧ ខែឧសភា ឆ្នាំ២០២៤ ជាកំហិត៕