ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ យាងសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 199

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់ ហាជី ហា​សិន​​ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់​ឌុល ម៉ាទីន សព្វព្រះរាជហឫទ័យយាងសោយព្រះក្រយាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា រួម​ជា​មួយកូនប្រុសទាំង៣រូប រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​​សា​ធា​រណៈ និងឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។

ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេច​តេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារ​វឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ​ក្រ​យានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែ​មួយ​។

ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ និងព្រះរាជបុត្រ បានយាងមកដល់​ប្រទេស​​កម្ពុជានៅវេលាម៉ោងជាង៧យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីព្រះអង្គ​បញ្ចប់ព្រះរាជដំណើរទស្សនកិច្ចនៅប្រទេសថៃ។ ព្រះរាជដំណើរពីប្រទេសថៃ មកកាន់​ប្រទេស​កម្ពុជា ព្រះចៅស៊ុលតង់ បានសព្វព្រះរាជហឫទ័យយាងបើកយន្តហោះដ៏ធំដោយ​ផ្ទាល់​ព្រះអង្គថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីររូប គឺឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញទៅទទួលព្រះរាជដំណើររបស់​ព្រះអង្គ​​ដោយ​ផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ បន្ទាប់មកព្រះមហាក្សត្រ​ប្រុយ​ណេ និងព្រះរាជបុត្រ បានយាងតាមរថយន្តម៉ាកសឺដេសខ្មៅរលើបរលោងដ៏ទំនើប ដែលជាការ​រៀប​ចំថ្វាយប្រកបដោយព្រះកិត្តិយសខ្ពស់ខ្ពស់បំផុត ពីសំណាក់សម្តេច​តេជោ ហ៊ុន សែន​។ សម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញក្នុងរថ​យន្តនោះ ជាមួយព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ថ្វាយព្រះរាជ​ដំណើរ​ព្រះអង្គពីព្រលាន​យន្ត​ហោះទៅកាន់សណ្ឋាគាររូសវូតតែម្តង។

ព្រះរាជដំណើររបស់ព្រះមហាក្សត្រប្រុយណេ មកកាន់ប្រទេសកម្ពុជានាពេលនេះ មិន​មែន​​ជាព្រះរាជដំណើរទស្សនកិច្ចផ្លូវការនោះឡើយ។ ព្រះរាជដំណើររបស់ព្រះមកកម្ពុជា នាពេលនេះ ដើម្បីសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ដែលព្រះអង្គបានរាប់អាន​ជា​ប្អូនធម៌ជាយូរមកហើយ។

បើតាមការបញ្ជាក់ថារបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គមបានឱ្យដឹង​ថា ព្រះមហាក្សត្រប្រុយណេ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសម្តេចតេជោ មានការ​រាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុតក្នុងពេលដឹកនាំប្រទេស។ ក្នុងនោះព្រះចៅស៊ុលតង់ មានព្រះជន្ម៧៥ព្រះវស្សា ត្រូវបានចាត់ទុកជាបង លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ជាប្អូនទី១ ហើយសម្តេចតេជោ ហ៊ុន សែន មានអាយុ ៧២ឆ្នាំ ជាប្អូនពៅ។

ចំណងមិត្តភាពរបស់មេដឹកនាំដែលមានប្រជាប្រិយភាពនៅអាស៊ីអាគ្នេយ៍ទាំង៣ព្រះអង្គ/រូប បានរក្សាយ៉ាងខ្ជាប់ខ្ជួនតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក។ មិនត្រឹមតែទំនាក់ទំនង​លក្ខណៈបុគ្គល និងបុគ្គលនោះទេ តាមរយៈចំណងមេត្រីភាពដ៏រឹងមាំនេះ បងប្អូនធម៌​ទាំង​​៣អង្គ/រូប តែងមូលព្រះទ័យ និងចិត្តគំនិតលើការដឹកនាំរដ្ឋ ដើម្បីនាំមកឧត្តម​ប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង៣នេះផងដែរ។

គុណធម៌នៃមិត្តភាពនេះ គេបានកត់សម្គាល់ឃើញថា នៅពេលលោក ថាក់ស៊ីន ត្រូវ​បាន​គេយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចយ៉ាងណាក្តី ក៏ព្រះមហាក្សត្រប្រុយណេ និង​សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរាប់អាន និងជួយជាគំនិតយោបល់​នានា ជូនលោក ថាក់ស៊ីន ផងដែរ។

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រុយណេ បានយកព្រះទ័យគោរព និងផ្តល់តម្លៃដល់​ចំណង​មិត្តភាពនេះខ្លាំងណាស់។ កាលពីឆ្នាំ២០១១ នៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមព្រះរាជកម្មវិធីរបស់ព្រះអង្គនៅប្រទេសប្រុយណេ ព្រះចៅស៊ុល បានយាងបើករថយន្តមកទទួលសម្តេចតេជោដោយផ្ទាល់ពីព្រលានយន្តហោះផងដែរ។

តាមរយៈព្រះរាជដំណើរយាងមកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នៅ​ពេល​នេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកព្រះទ័យទុកដាក់ និងជម្រៅដ៏សែនជ្រៅ ចំពោះ​ចំណង​​មិត្តភាពមួយនេះ។

ក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាពិភពលោក គឺកម្រមានការរាប់អានបែបនេះណាស់។ ចំណងមិត្តភាពនេះអាចរឹងមាំទៅបាន ក៏ដោយសារតែមេដឹកនាំដែលប្រៀបដូចជាដួងតារា​នៅអាស៊ាន ផ្តល់ការគោរពឱ្យគ្នា មានទស្សនៈនយោបាយ និងទស្សនៈនយោបាយ​ប្រហាក់​ប្រហែលគ្នា៕

អត្ថបទទាក់ទង