ក្រសួងមហាផ្ទៃសុំឲ្យរតនាគាបង្កកប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សសង្គ្រោះជាតិ

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ តាមរយៈលិខិត ចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សំអឿន ផ្ញើជូនទៅអគ្គនាយក និងអគ្គនាយកដ្ឋានរតនាគាជាតិ ដោយបញ្ជាក់ថា តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ តាមរយៈសាលដីកាលេខ ៣៤០ (ឆ)ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ផ្អែកតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ករណីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការ នោះបញ្ជីបេក្ខជន និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់នៃគណបក្សនេះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិទៀតហើយ។ ហេតុនេះ ក្រសួងមហាផ្ទៃសូមស្នើបង្កកការបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សសង្គ្រោះជាតិចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតទៅ។